បណ្តាញសង្គម

នគរបាលក្រុងខេមរភូមិន្ទឃាត់ខ្លួនជនសង្ស័យម្នាក់ ខ្ចី​ម៉ូតូ​គេយក​ទៅដាក់​បញ្ចាំ

ខេត្តកោះកុង ៖ កម្លាំងនគរបាល ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធខ្ចីម៉ូតូគេយកទៅដាក់បញ្ចាំ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា វេលាម៉ោង០៦ល្ងាចនាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ សៅ វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិ០១ សង្កាត់ដងទង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ប្ដឹងជនសង្ស័យ ឈ្មោះ សយ សំណាង ហៅយួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង (មុខសញ្ញាគ្រឿងញៀនមានដីការចាត់ឲ្យសើបសួរជំនួស) ពីបទ បោកប្រាស់ទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) រហូតដល់វេលាម៉ោង០៩យប់ថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចបន្ទប់ផ្ទះសំណាក់ PS ស្ថិតក្នុងភូមិ០២ សង្កាត់ដងទង់ រួចបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរ និងបន្តនីតិវិធី ។

វត្ថុតាងដកហូតបានម៉ូតូចំនួន០២គ្រឿង រួមមាន ៖ ទី១- ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខកោះកុង 1A-5651 (ម៉ូតូជនរងគ្រោះ) និងទី២-ម៉ូតូម៉ាកវេវស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង 1I-6441 (ម៉ូតូជនសង្ស័យ) ។ បច្ចុប្បន្ន កម្លាំងយើងកំពុងបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព