បណ្តាញសង្គម

សមត្ថកិច្ច បញ្ជូនប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជាសារ៉ន និងបក្ខពួក ទៅសាលាដំបូងខេត្ត

កំពតៈ ក្រោយបំពេញសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងបក្ខពួក ៨ នាក់ទៀត ទៅសាលាដំបូង ពីបទសង្ស័យឆបោក។

នាថ្ងៃនេះដែរ ប្រជាពលរដ្ឋ ដែលចាញ់ ការលួងលោមរបស់ក្រុមហ៊ុន បានបន្ត មកដាក់ពាក្យ នៅស្នងការដ្ឋាន នគរបាលខេត្ត ជាបន្តបន្ទាប់។លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថាៈ ដោយការសាកសួរ និងបំពេញសំណុំបែបបទរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ កម្លាំងរបស់ស្នងការដ្ឋាន បានបញ្ជូនខ្លួន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជាសារ៉ន និងបក្ខពួកទាំង ៨ នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។

លោកស្នងការរង បានបញ្ជាក់ឱ្យដឹងផងដែរថាៈ គិតពីថ្ងៃទី២៣ រហូតដល់ល្ងាច ថ្ងៃទី២៥ ខែមេសា ស្នងការដ្ឋាន បានទទួលពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ អំពីករណីឆបោករបស់ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ចំនួន ២.៣៧២ នាក់។ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ប្រជាពលរដ្ឋ នៅបន្តមកដាក់ពាក្យបន្ថែមទៀត។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបាននាំខ្លួន លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨ នាក់ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។ ក្រោយកសាងសំណុំរឿង ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ដីអំពីករណី ឆបោកនោះ ទើបនៅព្រឹកថ្ងៃទី២៦ ខែមេសា សមត្ថកិច្ច ក៏បញ្ជូនក្រុមជនសង្ស័យ ទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖រស្នីកម្ពុជា