បណ្តាញសង្គម

សាលាដំបូងខេត្តកំពត បង្គាប់ឱ្យឃុំខ្លួនយុវជន ២ នាក់ ព្រោះតែគប់កញ្ចក់រថយន្ត

កំពត: តុលាការខេត្តកំពត បានសម្រេចឃុំខ្លួនយុវជន ២នាក់ក្រោមបទគប់កញ្ចក់រថយន្តអ្នកដទៃ។ផ្អែកតាមដីការបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត ចុះថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ មានខ្លឹមសារថា បង្គាប់ឱ្យឃុំខ្លួនឈ្មោះ រឹម រ៉ាម អាយុ ២០ឆ្នាំ និងឈ្មោះប៉ាត់ កុយ អាយុ ១៩ឆ្នាំ នៅក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ជនទាំង២នាក់នេះ ត្រូវដាក់នៅក្រោមការពិនិត្យពីបទ ធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រោមបទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ យុវជនឈ្មោះ រឹម រ៉ាមនិងឈ្មោះ ប៉ាត់ កុយ បានជិះម៉ូតូតាមផ្លូវបេតុង មកពីទិញសាច់ក្លែម ក្បែររោងចក្រខេស៊ីមែន ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។ ស្របពេលនោះ ស្រាប់តែមានរថយន្តបែន មកពីមុខ បើកភ្លើងហ្វា ធ្វើឱ្យពួកគេខឹង ទើបគ្នាគេម្នាក់យកដបទឹកសុទ្ធ (មានទឹកកកខាងក្នុង) គប់ចំកញ្ចក់រថយន្ត បណ្ដាលឱ្យបែក រួចពួកគេបានជិះម៉ូតូគេចខ្លួនតែម្ដង។

ជាមួយករណីនោះ ម្ចាស់រថយន្តក៏ប្ដឹងចូលសមត្ថកិច្ច ទើបនៅថ្ងៃទី២ ខែឧសភា កម្លាំងអធិការដ្ឋានស្រុកបន្ទាយមាសសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ឃាត់ខ្លួនយុវជនទាំង ២នាក់បានជាបន្តបន្ទាប់។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ព្រោះខឹងរថយន្តនោះ បើកភ្លើងហ្វាចំមុខ មើលផ្លូវមិនឃើញ។

បន្ទាប់ពីបំពេញសំណុំបែបបទរួចរាល់ នៅថ្ងៃទី៣ ខែឧសភា កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត ក៏បានបញ្ជូនយុវជនទាំង ២នាក់ទៅសាលាដំបូង ដើម្បីមានចំណាត់ការបន្ត៕

ដកស្រង់ពី៖រស្មីកម្ពុជា