បណ្តាញសង្គម

ក្របី១ក្បាល បានងាប់ និងផ្ទះ ៥៦ខ្នង រងការខូចខាត ដោយសារខ្យល់កន្ត្រាក់

កំពត: សត្វក្របី១ក្បាល បានងាប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋ ចំនួន ៥៦ខ្នង រងការខូចខាត ដោយសារបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកបន្ទាយមាសកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

របាយការណ៍ពីអនុសាខាកាកបាទក្រហមស្រុកបន្ទាយមាស បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានបាតុភូតខ្យល់កន្រ្តាក់លាយឡំជាមួយផ្គរ រន្ទះ បានកើតឡើង ក្នុងឃុំត្រពាំងសាលាខាងកើត និងឃុំបន្ទាយមាសខាងកើត បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៥៦ខ្នង រងការខូចខាត។

របាយការណ៍ បានបញ្ជាក់ទៀតថា ក្នុងចំណោមនោះ ផ្ទះ ៣ខ្នង បានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ចំណែកផ្ទះ ៥៣ ខ្នងទៀត បានរងផលប៉ះពាល់ក្នុងកម្រិតមធ្យម និងស្រាល។ ហេតុការណ៍នេះក៏បានបណ្តាលឲ្យសត្វក្របី ១ក្បាល បានងាប់ដោយសាររន្ទះបាញ់ ផងដែរ៕/

ដកស្រង់ពី៖រស្មីកម្ពុជា