បណ្តាញសង្គម

អ្នក​រស់នៅ​ក្នុង​បុរី​រស្មី​បាត់ដំបង​៥កំពុង​បារម្ភ​ពី​សុវត្ថិ​ភាព​និង​បញ្ហា​អសន្តិសុខ ​!!!

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន ដែលកំពុងរស់នៅក្នុងបុរី «រស្មីបាត់ដំបង៥» ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង កំពុងព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពរស់នៅ និង បញ្ហាអសន្តិសុខដែលកំពុងកើតឡើងនៅក្នុងបុរី ក្រោយពីមានចោរធ្វើសកម្មភាពគាស់ផ្ទះសម្បែងប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ កើតឡើងស្ទើរទាំងយប់ ទាំងថ្ងៃ តែគេពុំឃើញមានសមត្ថកិច្ចចុះសួរនាំ ឬមានវិធានការទប់ស្កាត់ ឬធ្វើការបង្ក្រាបបានម្ដងណាឡើយ រហូតមកទល់ពេលនេះ ខណៈសកម្មភាពពួកចោរប៉ុន្មានថ្ងៃចុងក្រោយនេះកាន់គគ្លើនឡើងៗ ។

បើតាមប្រភពព័ត៌មាន ពីអ្នករស់នៅក្នុងបុរី «រស្មី បាត់ដំបង៥» បានឲ្យដឹងថា ពួកចោរហាក់បង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈសកម្មភាពចោរកម្មនេះ ហាក់បង្ហាញសញ្ញាគួរឲ្យកត់សម្គាល់ចាប់ផ្ដើមតាំងពីអំឡុងក្រោយចូលឆ្នាំខ្មែរ រហូតមកម្លេះ។ ប៉ុន្តែគេពុំដែលឃើញសមត្ថកិច្ច ក្នុងស្ថាប័នណាមួយចុះអន្តរាគមន៍សួរនាំប្រជាពលរដ្ឋរងគ្រោះនៅក្នុងបុរីនេះម្ដងណាទេ គិតមកដល់ត្រិមថ្ងៃទី ១៩ ឧសភានេះ ខណៈក្រុមចោរកាន់តែបង្កើនសកម្មភាពគួរឲ្យខ្លាច។

Pictureនៅព្រឹកថ្ងៃទី១៩ ឧសភា ប្រជាពលរដ្ឋ និងអាជីវករមួយចំនួនដែលរស់នៅក្នុងបុរី « រស្មីបាត់ដំបង៥» បានផ្ដល់ព័ត៌មាននេះ ដល់កោះសន្តិភាព តាមទូរស័ព្ទផង និងជួបផ្ដល់បទសម្ភាសន៍ផ្ទាល់ផង ដោយពួកគាត់បាននិយាយរៀបរាប់អំពីបញ្ហាអសន្តិសុខ ដែលកំពុងកើតឡើងនៅក្នុងបុរី និងកំពុងយារយីដល់សុវត្ថិភាព អ្នករស់នៅក្នុងបុរីនេះផ្ទាល់ ។

អ្នកស្រី សំនៀង ដែលរស់នៅក្នុងបុរី «រស្មីបាត់ដំបង៥» ក្បែរកន្លែងកើតហេតុ បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ១៩ ឧសភាថា កន្លងទៅយូរៗម្ដង មានចោរគាស់ផ្ទះ ឬ លួចអីវ៉ាន់ផ្សេងៗនៅក្នុងបុរីនេះ ។ ប៉ុន្តែប្រហែលជាង១ខែចុងក្រោយនេះ សកម្មភាពភាពចោរគាស់ផ្ទះ និង លួចទ្រព្យសម្បត្តិនៅក្នុងបុរីនេះ បានកើតឡើងកាន់តែខ្លាំង ។ អ្នកស្រីនិយាយថា ពេលខ្លះចោរបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទាំងថ្ងៃក៏មាន បើទោះជាម្ចាស់ផ្ទះកំពុងស្ថិតនៅខាងក្នុងផ្ទះក្ដី ក៏ចោរចង្រៃនេះ វាហ៊ានប្រព្រឹត្តដែរ។ អាជីវករម្នាក់ទៀត ដែលសុំមិនប្រាប់ឈ្មោះបានរៀបរាប់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទដែរថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ឧសភា ក្រុមចោរមានគ្នាយ៉ាងតិច០២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះគេ នៅក្នុងបុរីនេះចូលលួចយកទ្រព្យអស់គ្មានសល់។

គាត់បានបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី១៧ រហូតដល់យប់ថ្ងៃទី១៩ ឧសភា គឺក្រុមចោរបានចូលមកគាស់ផ្ទះគេ លួចអីវ៉ាន់នៅក្នុងបុរីខាងលើនេះ ជាបន្តបន្ទាប់ រហូតម្ចាស់ផ្ទះខ្លះស្ទើរតែលែងហ៊ានដេកលក់ទៅហើយ ព្រោះខ្លាចចោរគាស់ផ្ទះ ។ហើយនៅយប់ថ្ងៃទី១៩ ឧសភា អ្នករស់នៅក្នុងបុរី ក៏បានផ្អើលឆោឡោឡើងព្រោងព្រាតផងដែរ ដោយសារតែមានដំណឹងថា មានក្រុមចោរចូលបុរីជាថ្មីទៀត ។ ក្រុមបិសាចរាត្រីខ្លះ (ចោរ) ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅពេលកំពុងធ្វើសកម្មភាពគាស់ផ្ទះចូលលួចអីវ៉ាន់។ ហើយត្រូវបានគេយករូបភាពទាំងនោះ ទៅបង្ហោះផ្អើលព្រោងព្រាតពេញបណ្ដាញសង្គមទៀតផង តែពេលខ្លះ ហាក់មិនរំខានដល់អារម្មណ៍សមត្ថកិច្ចទេ ។ បើតាមអ្នករស់នៅក្នុងបុរីនេះ បានបញ្ជាក់ថា ចោរបានធ្វើសកម្មភាពខ្លាំងក្នុងរយៈពេល៣ទៅ៤យប់ចុងក្រោយនេះ ហើយរហូតមកដល់ត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៩ ឧសភា នេះ គេមិនទាន់ឃើញវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅសួរនាំប្រជាពលរដ្ឋនៅឡើយទេ ពាក់ព័ន្ធនឹងអំពើ«ចោរកម្ម»យ៉ាងកក្រើក ក្នុងបុរី «រស្មីបាត់ដំបង៥» នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជុំវិញករណីអំពើ «ចោរកម្ម» ដែលបានកើតឡើងយ៉ាងកក្រើក ក្នុងបុរី«រស្មីបាត់ដំបង៥» ដែលគេយករូបចោរបង្ហោះផ្អើលព្រោងព្រាតពេញបណ្ដាញសង្គម ស្នងការខេត្តបាត់ដំបង លោក សាត គឹមសាន បានបំភ្លឺប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ១៩ ឧសភា នេះដែរថា លោកពុំទាន់ទទូលបានព័ត៌មាននេះពីមន្ត្រីថ្នាក់ក្រោមនៅឡើយទេ មកទល់ពេលនេះ តែលោកបានដឹងនៅពេលឃើញគេបង្ហោះតាមបណ្ដាញសង្គមនានា ។

លោកស្នងការបានប្រាប់ថា ក្រោយពេលឃើញដូច្នេះ លោកក៏បានបញ្ជាឲ្យលោកអធិការក្រុង ចាត់កម្លាំងចុះទៅសួរនាំ ធ្វើការស្រាវជ្រាវលើករណីនេះហើយ។សូមបញ្ជាក់ថា បើតាមការអះអាងពីអ្នករស់នៅក្នុងបុរីខាងលើនេះ បច្ចុប្បន្នបុរីនេះ ពុំមានសន្តិសុខយាមកាមទេ។ ហើយនៅជុំវិញ នៃតំបន់បុរី ក៏គ្មានរបងហ៊ុំព័ទ្ធដែរ គឺ មានតែវាលស្រែល្វឹងល្វើយ។ រីឯភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវក្នុងបុរីវិញ ក៏មិនបានបើកទល់ភ្លឺដែរ ត្រឹមម៉ោង១១យប់យ៉ាងយូរ គឺគេបិទហើយ។ នេះជាភាពងាយស្រួលដល់ក្រុមចោរធ្វើសកម្មភាព។ Pictureកោះសន្តិភាព មិនអាចទំនាក់ទំនង សុំការបំភ្លឺជុំវិញករណីខាងលើនេះពី លោក ឧកញ៉ា ហេង តុលា ដែលគេអះអាងថា ជាថៅកែបុរី «រស្មី បាត់ដំបង៥» នេះបានភ្លាមៗទេ នៅព្រឹកថ្ងៃទី១៩ ឧសភា ។

ប៉ុន្តែលោក សាត គឹមសាន ស្នងការខេត្ត បានបញ្ជាក់ថា លោកនឹងជួប ពិភាក្សាគ្នាជាមួយម្ចាស់បុរីនេះ និងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនិយាយពីបញ្ហាពង្រឹងសន្តិសុខនៅក្នុងបុរី ឬនៅក្នុងមូលដ្ឋាន។

ពេលនេះ លោកបានបញ្ជាឲ្យអធិការក្រុង ចុះធ្វើការស្រាវជ្រាវលើករណីនេះហើយ។ពាក់ព័ន្ធនឹងអំពើចោរកម្មដែលចេះតែបង្កើនសកម្មភាពរបស់ក្រុមចោរមិនថមថយបែបនេះ អ្នកស្រី សំនៀង ក៏មិនខុសពីប្រជាពលរដ្ឋ ឬអាជីវករដទៃទៀត ដែលកំពុងរស់នៅក្នុងបុរីនេះដែរ សុទ្ធតែបានលើកឡើងប្រហាក់ប្រហែលគ្នាថា ដោយសារតែសកម្មភាពពួកចោរគាស់ផ្ទះកាន់តែគគ្លើន ទៅៗគ្មានស្រាកស្រាន្តសោះបែបនេះ ថែមទាំងពុំដែលឃើញសមត្ថកិច្ចចុះសួរនាំផងនោះ ធ្វើឲ្យក្រុមសាររបស់ពួកគាត់ កាន់តែរងា និងកាន់តែមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ។

អ្នកស្រី សំនៀង បានបញ្ជាក់ដែរថា ដោយសារតែអំពើចោរកម្មកើតឡើងផ្ទូនៗគ្នា នៅក្បែរផ្ទះអ្នកស្រី ធ្វើឲ្យកូនចៅអ្នកស្រីព្រួយបារម្ភកាន់តែខ្លាំង រហូតជម្រុញឲ្យអ្នកស្រីបិទទ្វារផ្ទះក្នុងបុរីនេះជាបណ្ដោះអាសន្ន ហើយនាំគ្នាត្រឡប់ទៅរស់នៅផ្ទះចាស់នៅក្នុងឃុំជ្រៃ ស្រុកថ្មគោលវិញ តែអ្នកស្រីមិនទាន់សម្រេចចិត្តថា តើត្រូវធ្វើបែបណា ?

អំពើចោរកម្មដូចជា «លួច ឆក់ ប្លន់ គាស់ផ្ទះ និង ក្រុមក្មេងទំនើង» ហាក់បង្កើនសកម្មភាពកាន់តែខ្លាំងនាប៉ុន្មានខែកន្លងមកនេះ នៅក្នុងខេត្តបាត់ដំបង ជាពិសេសនៅក្នុងក្រុងបាត់ ។

នេះមិននិយាយពីបទល្មើសនានា ដែលបានកើតឡើងនៅតាមបណ្ដាស្រុកមួយចំនួន ដែលត្រូវបានគេបិទបាំង មិនរាយការណ៏ជូនថ្នាក់លើ។ បើពិនិត្យលើសកម្មភាពជនល្មើស ដែលបានប្រព្រឹត្តកន្លងមក ហាក់គ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចឡើយ បើទោះជាកម្លាំងសមត្ថកិច្ចធ្លាប់បង្ក្រាបបានជាបន្តបន្តាប់ក្ដី ក៏ក្រុមជនល្មើសដែលនៅសេសសល់គ្មានខ្លាចរអាដែរ នៅតែកែណ្ឌបក្សពួកប្រព្រឹត្តដដែលទៀត។

ជាពិសេសក្រុមចោរ«ប្លន់»ហារយតែម្ដង ដែលបម្លែងចេញពីក្រុមក្មេង ទំនើង។បើតាមប្រភពព័ត៌មានចុងក្រោយ ដែលកោះសន្តិភាព ទទូលបានក្រៅផ្លូវការពីប្រជាពលរដ្ឋរស់នៅក្នុងបុរី «រស្មី បាត់ដំបង៥» ក្រុមចោរដែលតែងធ្វើសកម្មភាព (គាស់ផ្ទះ និង កាត់ខ្សែភ្លើង) នៅក្នុងបុរីនេះ មានគ្នាចំនួន០៥នាក់ ជិះម៉ូតូ០២គ្រឿង ហើយក៏មានសមាសភាពជនស្ស័យខ្លះជិះកង់ដែរ ។

ព័ត៌មានចុងក្រោយបានឱ្យកោះសន្តិភាពដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយនាថ្ងៃទី១៩ ឧសភា នេះ ។ ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព