បណ្តាញសង្គម

យុវសិស្សម្នាក់ ត្រូវរថយន្ត បុកស្លាប់

ភ្នំពេញ៖ យុវសិស្សនៃវិទ្យាល័យទួរអំពិលម្នាក់ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបើកបរម៉ូតូ ក្នុងល្បឿនលឿន វ៉ាជែង ខ្វះការប្រុងប្រយ័ត្ន បុកជាមួយនឹងរថយន្តម៉ាក ford rainst បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅវេលាម៉ោង ៤ និង ៤០ នាទី រសៀលថ្ងៃអាទិត្យទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលំ ភូមិស្វាយជួ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ផល សំណាង អាយុ ១៩ ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួរអំពិលស្នាក់នៅក្នុងបុរីពិភពថ្មី ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវសិស្ស ម្នាក់នេះ បើកបរម៉ូតូហុងដា ឌ្រីម ខេ១២៥ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1HF 6654 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ពីទិសខាងត្បូង ទៅខាងជើង លុះមកដល់ចំណុចកើតហេតុ បានរអិលដួល ត្រូវបានរថយន្តបុកបណ្ដាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯរថយន្តម៉ាក FORD RANST ដែលពាក់ផ្លាក លេខ ភ្នំពេញ 2 A 1392 ធ្វើដំណើរពីទិសខាងជើង មកខាងត្បូង បានបុកគ្នាពេញ ទំហឹង ចំណែកឯអ្នកនៅក្នុងរថយន្ត ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាន នគរបាល ខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ថាននគរបាល ខណ្ឌជ្រោយចង្វា បានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសាច់ញាតិសពជនរងគ្រោះ ដើម្បីមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក វាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕

ដកស្រង់ពី៖រស្មីកម្ពុជា