បណ្តាញសង្គម

ជិះម៉ូតូបុកគ្នាទាំងកណ្តាលយប់នៅក្រុងកំពង់ចាមស្លាប់ម្នាក់របួសបួននាក់

កំពង់ចាម៖ ម៉ូតូពីរគ្រឿងបានបុកគ្នា គឺបណ្តាលមកពីការបត់ខ្វះការប្រុងប្រយ័ត្នធ្វើឱ្យ យុវជនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម និងបួននាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅលើផ្លូវកែងក្បែរវិទ្យាល័យបឹងកុក ស្ថិតក្នុងភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាមកាលពីម៉ោងជិត ១១ យប់ថ្ងៃទី ១៣ មិថុនាកន្លងទៅនេះ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលជំនាញបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នៅពេលបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យជាយុវជនអាយុ ១៦ ឆ្នាំឈ្មោះ ដា វឌ្ឍនា មានទីលំនៅភូមិជង្ហុក ឃុំអម្ពិល ស្រុកកំពង់សៀម និងជាអ្នកបើកបរម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខកំពង់ចាម1X-9098។

ដោយបានឌុបឈ្មោះ សោម ដាវីត អាយុ ១៥ ឆ្នាំ មានទីលំនៅជាមួយអ្នកស្លាប់ដែរ របួសស្រាល។ អ្នកទាំងពីរមិនបានពាក់មួកសុវត្ថិភាពទេ បើកបរពីទិសខាងត្បូងបត់ឆ្វេង ទៅទិសខាងលិច។

ប្រភពនោះបានឱ្យដឹងទៀតថា ម៉ូតូខាងលើបានបុកប៉ះជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហមពាក់ស្លាកលេខកំពង់ចាម 1AC-1415 បើកបរដោយយុវជនអាយុ ១៦ ឆ្នាំដែរឈ្មោះ សយ បញ្ញា នៅភូមិត្រពាំងអម្ពិល ឃុំអម្ពិលដែរ របួសធ្ងន់ បានឌុបយុវជនពីរនាក់ទៀត រងរបួសស្រាល ក៏មិនពាក់មួកសុវត្ថិភាពដែរ ដោយបានបើកបរពីទិសខាងលិចទៅទិសខាងកើត។

ប្រភពដដែលបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលស្លាប់ម្នាក់ និងរបួសបួន នាក់នេះ បង្កឡើងដោយភាគីខាងម៉ូតូម៉ាកស្កុបពីបើកបរ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងរីឯអ្នកបើកបរខាងម៉ូតូសេ ១២៥ ប្រើប្រាស់ល្បឿនលឿន៕

ដកស្រង់ពី៖រស្មីកម្ពុជា