បណ្តាញសង្គម

មុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្ម លើកំណាត់ផ្លូវជាតិលេខ៣ ត្រូវជាប់អន្ទាក់របស់ សមត្ថកិច្ចស្រុកត្រាំកក់

តាកែវៈ នគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះថាៈ មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម លើកំណាត់ ផ្លូវជាតិលេខ៣ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចស្រុកត្រាំកក់។

ករណីលួចមានស្ថានទម្ងន់ទោសនោះ បានត្រូវបង្ក្រាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១១ កន្លះយប់ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៥ និង ៧៦ ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់។

ប្រភពដដែល បានបន្តថាៈ ករណីខាងលើ បង្ករឡើងដោយជនសង្ស័យចំនួន ៥ នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាពយកមួកសុវត្ថិភាព វ៉ៃនិងធាក់ ទៅលើជនរងគ្រោះ ឈ្មោះ ខាត់ លីហ្សៀន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។

ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ តាមផ្លូវជាតិលេខ៣ ពីភ្នំពេញទៅផ្ទះ នៅស្រុកឈូក ខេត្តកំពត។ ក្រោយពេលធ្វើសកម្មភាព កម្លាំងនគរបាលស្រុកត្រាំកក់ ដែលកំពុងជិះម៉ូតូល្បាតតាម ដងផ្លូវ បានមកទាន់ ហើយពេលនោះ ជនសង្ស័យ ក៏នាំគ្នាជិះម៉ូតូ ត្រឡប់បកក្រោយវិញ ខណៈនោះ កម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូដេញតាម។

លុះមកដល់ផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣ នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ឡើងតែម ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1 V 9914 ។

ជនសង្ស័យ ជាក្មេងប្រុសទំនើងចំនួន ៣ នាក់នោះ មានដូចជា ១.ឈ្មោះ ទួន ចាន់តុលា អាយុ ១៤ ឆ្នាំ រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ២.ឈ្មោះ សាន មេសា អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឡគោ សង្កាត់លេខ៥ ខណ្ឌឫស្សីកែវ និង៣.ឈ្មោះ គង់ សុវណ្ណា អាយុ ២០ ឆ្នាំ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

នគរបាលស្រុកត្រាំកក់ បាននិយាយថាៈ ចំណែកបក្ខពួកជនសង្ស័យ ២ នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ មានឈ្មោះ យស់ ចាន់ណា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិឡគោ សង្កាត់លេខ៥ ខណ្ឌឫស្សីកែវ និងឈ្មោះ ជីង ចាំង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ។ ម៉ូតូដែលដកហូតបានពីជនសង្ស័យ គឺជារបស់ឈ្មោះ ជីង ចាំង ដែលរត់គេចខ្លួនរួច ។

ករណីនេះដែរ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងដឹកនាំ សម្របសម្រួលនីតិវិធី ដោយលោក ព្រះរាជអាជ្ញា ជនសង្ស័យ ៣នាក់ ដែលឃាត់ខ្លួនបាន សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា