បណ្តាញសង្គម

បុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ សម្រាកក្នុងរថយន្តក្រុមហ៊ុន ឆ្លងចរន្តអគ្គិសនី ឆេះស្លាប់

ភ្នំពេញ៖ បុរសម្នាក់ បានឆេះស្លាប់ នៅក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខណៈមកពីខួបកំណើតគេ បានយកកង្ហារដោត នៅក្នុងព្រីរថយន្ត ជាអកុសលបានឆ្លងចរន្តអគ្គិសនី ឆាបឆេះ យ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ចំណុចឆេះក្នុងឃ្លាំងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ក្បែរគល់ស្ពានជ្រោយចង្វារ ខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះ សែម ស៊ីម ភេទប្រុស អាយុ ៤០ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល តាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ជាបុគ្គលិករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានចេញពីក្រុមហ៊ុន ទៅខួបកំណើត គេ នៅខាងក្រៅ ក្រោយពីហូបរួច បានត្រឡប់មកក្រុមហ៊ុនវិញ ហើយក៏ដើរទៅយកកង្ហារទៅដោតសម្រាកនៅក្នុងរថយន្ត លុះមកដល់ម៉ោង កើតហេតុខាងលើ ស្រាប់តែឆ្លងចរន្ត ឆេះកង្ហារ បង្កទៅជាអណ្តាតភ្លើង ឆេះសន្ធោសន្ធៅ ។

ភ្លាមនោះដែរ បុគ្គលិកនៅក្នុង ក្រុមហ៊ុនទាំងអស់ ក៏បាននាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក ជួយបាញ់ពន្លត់រហូតដល់រលត់ទៅវិញ ប៉ុន្តែក្រោយពីពន្លត់ចប់ ក៏បាននាំគ្នាចូលទៅពិនិត្យ នៅក្នុងរថយន្ត ស្រាប់តែឃើញបុរសរងគ្រោះ ត្រូវបានឆេះស្លាប់ នៅក្នុងរថយន្តក្រុង បាត់ទៅហើយ។

ក្រោយកើតហេតុខាងលើ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រោយចង្វារ សហការជាមួយនឹងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ រួចក៏ដាក់ការឆាបឆេះខាងលើ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។ ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសារ យកទទួលសពជនរង គ្រោះ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា