បណ្តាញសង្គម

ជួស​ជុល​ម៉ូតូ​បាន​ចំណូល​តិច​ពេក ក៏​បន្ថែម​មុខ​ជំនួញ​​គ្រឿ​-​ង​-​ញៀ​-​ន​-​ជាង​១​គីឡូក្រាម

ខេត្តបាត់ដំបង ៖ ជាងជួសជុលម៉ូតូម្នាក់ទំនងរកចំណូលបានតិចតួចពេក ក៏មានមហ្ចិចតាងាកទៅចាប់យកមុខជំនួញជួញដូរគ្រឿងញៀនបន្ថែមទៀត តែចៃដន្យត្រូវកម្លាំងកងរាជអាវុធហត្ថតាមដានរហូតត្រូវឃាត់ខ្លួន និងដកហូតវត្ថុតាងគ្រឿងញៀនបានជាង០១គីឡូក្រាម រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត កាលពីរសៀលថ្ងៃទី១៩ មិថុនា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។

Picture ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យក្នុងបទល្មើសគ្រឿងញៀននេះ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ។

ជននេះត្រូវបានឃាត់ខ្លួន ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅចំណុចភូមិ សង្កាត់ខាងលើ។ នៅក្នុងកិច្ចប្រតិបត្តិការជាក់ស្ដែងនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ និងបានដកហូតបានវត្ថុតាងជាច្រើន ដែលជននេះរក្សាទុកជាប់ខ្លួន ។ វត្ថុតាងទាំងនោះរួមមាន ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ឬ ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ មានទម្ងន់១៣៣៨,៨៤ក្រាម ២-ជញ្ជិងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ៣-ទូរស័ព្ទដៃចំនួន០២គ្រឿង ៤-ប្រាត់ថៃចំនួន១,២០០បាត ៥-ប្រាក់ដុល្លារចំនួន១០០ដុល្លា ៦-ប្រាក់ខ្មែរចំនួន៤លានរៀល និងស្លាកលេខម៉ូតូចំនួន០២ ។

Picture បើតាមមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យរូបនេះមានមុខរបរពិតប្រាកដ ជាជាងជួសជុល ម៉ូតូ តែមួយរយៈកន្លងមកនេះ ស្រាប់តែជាងម្នាក់នេះ បែរជាងាកទៅប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងទ្រង់ទ្រាយធំដុំតាមមហិច្ចតាលោភលន់ខ្លួន ។

ក្រោយពីកំណត់បានថា ជាងម៉ូតូជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំដុំ ទើបកម្លាំងជំនាញចាប់ផ្ដើមធ្វើការតាមដានសកម្មភាពជនសង្ស័័យ រហូតឈានដល់ការបង្ក្រាបតែម្ដង ។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចនិងវត្ថុតាង ជនសង្ស័យបានសារភាពទទូលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសគ្រឿងញៀង ហើយក៏ទទូលស្គាល់ថា គ្រឿងញៀន និងវត្ថុតាងដទៃទៀតដែលសមត្ថកិច្ចបានដកហូតនោះ ពិតជារបស់ខ្លួនមែន ។

ពេលនេះ លោកមេបញ្ជាការខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព