បណ្តាញសង្គម

យុវជនពីរនាក់ បើកម៉ូតូដួលខ្ទាតម្នាក់ ចូលក្រោមរថយន្តកិនស្លាប់ និងម្នាក់ទៀត ខ្ទាតចេញ រងរបួសស្រាល

/ ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីបើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន ទាក់ដៃចង្កូតនឹងរថយន្តក្រឡុកសុីម៉ង់ត៍ អ្នកបើក ម៉ូតូខ្ទាតចូលក្រោមរថយន្ត អ្នកជិះពីក្រោយខ្ទាតចេញ នៅវេលាម៉ោង ៧ យប់ ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣

នៅតាមបណ្តោយផ្លូវ ២០១១ ខាងត្បូងផ្លូវរថភ្លើងប្រហែល ១០០ ម៉ែត្រ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ជនរងគ្រោះ មានឈ្មោះ ឡេង ធី ភេទប្រុស អាយុជាង ២០ ឆ្នាំ នៅលីវ ជនជាតិខ្មែរ មុខរបរជាងបៀកថ្នាំផ្ទះ ស្នាក់នៅបន្ទប់ជួល នៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយ ឃុំធ្លោក ស្រុកត្រាំង ខេត្តតាកែវ ជាអ្នកបើកម៉ូតូ និងអ្នករងរបួស មានឈ្មោះ អាន ពុធលី ភេទប្រុស អាយុ ១៩ ឆ្នាំ នៅលីវ ជនជាតិខ្មែរ មុខរបរ ជាងបៀកថ្នាំផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា មានស្រុកកំណើតនៅ ភូមិស្រែស្តុក ស្រុកកន្តៀង ខេត្តពោធិ៏សាត់។ អ្នកទាំងពីរ ជិះម៉ូតូុឌុបគ្នាម៉ាកហុងដា ស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BV.3748 ។

ចំណែករថយន្តក្រឡុកសុីម៉ង់ត៍ ម៉ាក HOWO ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 5A3084 អ្នកបើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តាមប្រភពពីបុរសម្នាក់ បានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គាត់បាន ឃើញរថយន្តក្រឡុកសុីម៉ង់ត៍ បើកតាមបណ្តោយផ្លូវ ២០១១ ក្នុងទិសដៅពីខាងត្បូងមកខាងជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែ មានយុវជនពីរនាក់ ជិះមូតូម៉ាកហុងដា ស្គុបពី តាមបណ្ដោយផ្លូវ ២០១១ ទិសដៅពីខាង ត្បូងមកខាងជើង ស្របទិសគ្នា បានវ៉ាជែងមិនប្រយ័ត្ន ក៏ទាក់ដៃចង្កូតនឹងរថយន្តក្រឡុក ស៊ីម៉ង់ត៍ បណ្ដាលឲ្យដួលខ្ទាតអ្នកបើក ចូលក្រោមកង់រថយន្តកិនស្លាប់ និងម្នាក់ទៀត ខ្ទាតចេញមកឆ្វេង រងរបួសស្រាល។ ភ្លាមៗនោះ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្ត ក្រឡុកសុីម៉ង់ត៍ យកទៅសួរនាំ និងចាត់ការបន្ត។ តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថាៈ យុវជនទាំងពីរនាក់ បានចេញពីធ្វើការនៅម្ដុំផ្លូវវេងស្រេង ក្នុងគោលបំណងជិះម៉ូតូ ទៅបន្ទប់ជួល ស្រាប់តែមក ជួបគ្រោះថ្នាក់ចរាចរណ៍ បែបនេះទៅវិញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា