បណ្តាញសង្គម

រថយន្តកុងតឺន័រ ផែស្ងួត សុកន បុកនិងកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ តាមផ្លូវសុខៗ ត្រូវបានរថយន្តកុងតឺន័រ ផែស្ងួត សុកន បើកលឿន ជ្រុលទៅបុកចំពីមុខម៉ូតូ យ៉ាងពេញទំហឹង រួចកិនពីលើ អូសជាច្រើនម៉ែត្រ នៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃព្រហស្បតិ៏ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ថៃហ្គ័រ ត្រង់ចំណុចទល់មុខនឹងក្រុមហ៊ុនស្រាបៀរ Heineken ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ពូន សាមគ្គី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក ហុងដា ZOOMER X ពណ៌ស លាយបៃតង មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1W.1116 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុ ទល់មុខនឹងក្រុមហ៊ុន ស្រាបៀ Heineken ស្រាប់តែមានរថយន្តកុងតឺន័រ របស់ផែស្ងួត សុកន មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3A.8056 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកចំពីមុខម៉ូតូជនគ្រោះ យ៉ាងពេញទំហឹង រួចកិនពីលើម៉ូតូ និងជនរងគ្រោះ ជាប់នៅខាងក្រោម អូសទៅមុខជា ច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ យ៉ាងអណោចអធម ។

ភ្លាមនោះដែរ តៃកុងរថយន្តបង្ក បានបើកទ្វារ ចុះរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ឃាត់បាន ប្រគល់ឲ្យសមត្ថកិច្ច ដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកឯង ដើម្បីសាកសួរ និងចាត់ការបន្ត តាមនីតិវិធី។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកេីតហេតុនិងបានទំនាក់ ទំនងទៅមន្ត្រីនគរបាលចរាចរណ៍ ឱ្យមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ ។

ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ជូនសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា