បណ្តាញសង្គម

ឃាត់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ខុសច្បាប់

សង្ស័យ បានចូលកាប់ឆ្ការឈូសឆាយដីព្រៃលិចទឹក ដោយបំពានច្បាប់នៅត្រង់ចំណុចភូមិគងទំ ឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ហើបឲ្យដឹងថាៈ

ប្រតិបត្តិការចុះបង្ក្រាបអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីទប់ស្កាត់ និងរក្សាការពារផ្ទៃដីលិចទឹក ជាជម្រកត្រីពងកូន កុំឲ្យរេចរឹលបាត់បង់បន្ថែមទៀត។

ជនសង្ស័យ មានឈ្មោះ ឯម ប៊ុនថន អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ និងបីនាក់ទៀត ជាអ្នកស៊ីឈ្នួល បើកបរឈូសឆាយឲ្យឈ្មោះ ឯម ប៊ុនថន ខាងលើ រួមមាន ឈ្មោះ ជឿន រ៉ា អាយុ៤៧ឆ្នាំ, ឈ្មោះ យួង អឿតអាយុ៥០ឆ្នាំ និងឈ្មោះ ប៉ាន់ ភន អាយុ៤០ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រៅពីនេះ កម្លាំងអាវុធហត្ថ ក៏ដកហូតបានវត្ថុតាងត្រាក់ទ័រ ចំនួន ៤គ្រឿង រួមទាំងម៉ូតូមួយគ្រឿងផងដែរ។ ប្រភពកងកម្លាំងដដែល បានបន្ថែមថាៈ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច បង្ក្រាបបានកន្លងមក បានល្មើសចូលកាប់ឆ្ការឈូសឆាយដីព្រៃលិចទឹក សរុបអស់ចំនួន ៣.៩០៧ ហិកតា ក្នុងនោះមានដីតំបន់២ ចំនួន ២៩.៩៨៨ ហិកតា និងដីតំបន់៣ ចំនួន ៩.០៨២ ហិកតា។

ក្រោយការសាកសួរ ព្រមទាំងបានចម្លើយសារភាពរបស់ជនសង្ស័យ មន្ត្រីការិយាល័យជំនាញ បានកសាងសំណុំរឿង ប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា