បណ្តាញសង្គម

អួនខ្សែភ្លើងមួយវង់ និងឧបករណ៍ឆក់ត្រី មួយឈុត ត្រូវបានរឹបអូស ដោយជលផលព្រៃវែង

ភ្នំពេញៈ អួនមួយខ្សែ ភ្ជាប់ជាមួយនឹងខ្សែភ្លើង ប្រវែង ១៦ ម៉ែត្រ អាំងវៃទ័រ ១គ្រឿង អាគុយ៤០អំពែរ ២គ្រឿង រួមជាមួយដងឆក់ ៣ដើម ត្រូវបានរឹបអូស ដោយរដ្ឋបាលជលផលព្រៃវែង នៅក្នុងពេលចុះត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាប បទល្មើសជលផល នៅចំណុចកំពង់ដរ ភូមិបារាយណ៍កើត និងនៅចំណុចចុងប្រឡាយ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង។

តាមរបាយកាណ៍របស់ ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញថាៈ ក្នុងពេលចុះត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើស ជលផល នៅចំណុចកំពង់ដរ ភូមិបារាយណ៍កើត និងនៅចំណុចចុងប្រឡាយ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុមការងារ បានជួបប្រទះ បទល្មើសនេសាទចំនួន២ករណីដោយប្រើឧបករណ៍ឆក់និងឧបករណ៍ស្បៃមុង។

ឧបករណ៍នេសាទខុសច្បាប់ ដែលបានរកឃើញ ត្រូវបានរុះរើបំផ្លាញចោល រួមមាន លូស្បៃមុងចំនួន ១៧មាត់ របាំងព្រួលស្បៃមុងប្រវែង ៧៥០ ម៉ែត្រ បង្គោលចម្រឺងចំនួន ២៨០ដើម និង ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន១៥ គីឡូក្រាម។

ចំណែកករណីនេសាទ ដោយប្រើប្រាស់ឧបករណ៍ឆក់ ត្រូវបានក្រុមការងារ ឃាត់ទុកវត្ថុតាង ជាបណ្ដោះអាសន្ន រួមមាន អាំងវែទ័រ (ឧបករណ៍ឆក់) ១គ្រឿង អាគុយ៤០អំពែរ ២គ្រឿង ដងឆក់ត្រី ២ដើម រួមផ្សំជាមួយខ្សែភ្លើង ប្រវែង ៦ម៉ែត្រ និង អួន១វង់ ប្រវែង ១៦ម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធខ្សែភ្លើង ប្រវែង ១៦ម៉ែត្រ៕

ដកស្រង់ពី៖រស្មីកម្ពុជា