បណ្តាញសង្គម

បញ្ជូនរថយន្ត​និងឈើអារ ជាមួយជនសង្ស័យ ទៅរដ្ឋបាលព្រៃឈើចាត់ការបន្ត

ព្រះវិហារ៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត កាលពីរសៀល ថ្ងៃទី៤ ខែកក្កដា បានបង្រ្កាបរថយន្តមួយគ្រឿង ដឹកជញ្ជូនឈើខុសច្បាប់។ ករណីនេះ បានធ្វើឡើង នៅភូមិវាលធំ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយបានកសាង សំណុំរឿងបញ្ជូនទៅផ្នែកជំនាញ។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា កម្លាំងអាវុធហត្ថស្រុកជាំក្សាន្តបានចាប់រថយន្តមួយគ្រឿង ដឹកជញ្ជូនឈើខុសច្បាប់ ហើយក្រោយមក បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅផ្នែកជំនាញ រដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី។

មន្ត្រីដដែលបានបន្តថាៈ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ដ ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាកាអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីដឹកជញ្ជូនឈើ ដោយគ្មានលិខិត អនុញ្ញាត។

ក្នុងប្រតិបត្តិការកម្លាំងបានចាប់រថយន្តម៉ាកតូយ៉ូតា កាមរី មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2C-4667 ដឹកឈើអារប្រភេទសុក្រំ ចំនួន ២០ ដុំ ស្មើនឹង ០,៣១៦ ម៉ែត្រគូប។

ម្ចាស់រថយន្ត ឈ្មោះ នុន ម៉ាប់ អាយុ ៤១ ឆ្នាំ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ បន្ទាប់ពីឃាត់ម្ចាស់រថយន្ត និងវត្ថុតាងខាងលើ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ក៏បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា