បណ្តាញសង្គម

ម៉ូតូពីរគ្រឿង ពន្លះគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ និងបុរសពីរនាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង កាលវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ វ៉ាន់ ជីង ភេទប្រុស អាយុជាង ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តក្នុងរោងចក្រ ស្នាក់នៅបន្ទប់ជួល ខាងក្រោយផ្សារបឹងបៃតង ក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

យុវជននេះ ជិះម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FL.3910 ជិះតែម្នាក់ឯង។ ចំណែក ភាគីម្ខាងរងរបួសធ្ងន់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ125 ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ.5661 ជិះគ្នាពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូហុងដា MSX តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខាងលិច មកខាងកើត យ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ម៉ូតូនេះ ក៏បានបុកគ្នាជាមួយនឹង ម៉ូតូហុងដា ឌ្រីម សេ125 ក្នុងទិសដៅពីខាងកើត ទៅខាងលិចបញ្ច្រាសទិសគ្នា ចំពីមុខ យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូហុងដា MSX ស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ។

ចំណែកឯអ្នកជិះម៉ូតូហហុងដា ឌ្រីម សេ125រងរបួសធ្ងន់ ភ្លាមៗ ត្រូវបានរថយន្ត សាមុយ មកដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ម៉ូតូទាំងពីរ ខ្ទេចផ្នែកខាងមុខ មើលលែងយល់ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែង យកមធ្យោបាយទាំង ពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា