បណ្តាញសង្គម

កម្មករម្នាក់ បានធ្លាក់ស្លាប់ ក្រោយឡើងបិទដំបូលឃ្លាំង

ភ្នំពេញ៖ បុរសម្នាក់ បានធ្លាក់ស្លាប់ ក្រោយឡើងលើ ដំបូលឃ្លាំង របស់ក្រុមហ៊ុនលក់បរិក្ខារអគ្គិសនី មួយកន្លែង មិនប្រយ័ត្ន បណ្តាលឲ្យផុងជើងធ្លាក់ បែកក្បាល ហូរឈាមដាប យ៉ាងរន្ធត់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ZL.ELECTROMECHANICAL(CAMBODIA)CO.LTD តាមផ្លូវបេតុង ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សាត សុខ ភេទប្រុស អាយុ៤០ឆ្នាំ ជាកម្មករផ្នែកតម្លើងម៉ាស៊ីនភ្លើង ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដំបូលឃ្លាំង របស់ក្រុមហ៊ុនបានលេចជ្រាបទឹកភ្លៀង រួចជនរងគ្រោះ ក៏បានឡើងទៅជួសជួល បិទដំបូល ខណៈដែលឡើងបិទដំបូល ជនរងគ្រោះ បានជាន់ខុសគ្រោងឆ្អឹងមេដំបូល ក៏បានផុងជើងធ្លាក់មកក្រោម បណ្តាលឲ្យបែកក្បាល ស្លាប់យ៉ាងអាណោចអធ័មតែម្តង។

ជុំវិញហេតុការណ៍នេះ ខាងក្រុមហ៊ុន មិនអស់ចិត្ត បានព្យាយាមទាក់ទងទៅខាងក្រុម សង្គ្រោះមកពិនិត្យបន្ថែមដែរ ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យសាកសព និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមជម្រាបថា ចូលមកដើមខែថ្មីនេះ ករណីកម្មករសំណង់ ធ្លាក់ស្លាប់ មាន ៤ ករណី ហើយពិសេសនៅក្នុងអាគារការដ្ឋាន ដែលកំពុងសាងសង់ ក្នុងរាជធានីភ្នំពេញ៕

ដកស្រង់ពី៖រស្មីកម្ពុជា