បណ្តាញសង្គម

ម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូឌុបគ្នា រអិលដួល ត្រូវរថយន្តកិន ក្នុងទិសដៅស្របគ្នា

កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ដោយសារជិះម៉ូតូឌុបគ្នា រអិលដួល ត្រូវរថយន្តបើក លឿន ពីក្រោយ បុកកិនតែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវលេខ 1KS1 ត្រង់ចំណុចភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ស្រុក បាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-4914 បើកបរដោយឈ្មោះ សែម វិសាល ភេទប្រុស អាយុ ៣០ ឆ្នាំ (របួស) បានឌុបឈ្មោះ សុខ សឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ (បានស្លាប់ភ្លាមៗ) អ្នកទាំងពីរ រស់នៅភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវកំពុងជួសជុល សាងសង់ថ្មី ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលបើកបរមកដល់ ចំណុចខាងលើ ម៉ូតូម៉ាកហុងដា សេ១២៥ បានរអិលដួល ភ្លាមៗនោះ ក៏មានរថយន្ត ១គ្រឿង ម៉ាកហុីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3B-0443 សណ្តោងសឺមីរុឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-2079 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ (បានចុះគេចខ្លួនបាត់) បើកបរក្នុងទិសដៅស្របគ្នា បានជាន់ពីលើម៉ូតូ ដែលរអិលដួលនោះ បណ្ដាលឱ្យកិនស្លាប់មនុស្ស បុរសមួយនាក់ (ឈ្មោះ សុខ សឿន ដែលជិះពីក្រោយ) ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ បានចុះវាស់វែងនៅកន្លែងកើតហេតុ នគរបាលជំនាញ បានប្រគល់សពជនរងគ្រោះ ជូនទៅសាច់ញាតិ ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងហៅរថយន្ត ដឹកជនរងគ្រោះម្នាក់ទៀត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត ក្រោយពេលកើតហេតុ បានចុះគេចខ្លួនបាត់។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើ នគរបាលជំនាញ បានយក ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមុនីជ័យ ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា