បណ្តាញសង្គម

នគរបាលស្រុកមណ្ឌលសីមា ចាត់ទុកការល្បាតការពារសុវត្ថិភាព ជូនពលរដ្ឋ ជាការកាត់បន្ថយ បទល្មើសពេលរាត្រី

កោះកុង៖ ការចុះល្បាតការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាជីករ ក្នុងមូលដ្ឋាន ពេលរាត្រី ជាសកម្មភាពដ៏ប្រសើរមួយ កាត់បន្ថយបទល្មើសផ្សេង ពេលយប់ជ្រៅ។ នេះបើតាមការលើកឡើងរបស់ កងកម្លាំងនគរបាល នៃអធិការដ្ឋាន ស្រុកមណ្ឌលសីមា។

លោកវរៈសេនីយ៍ត្រី គិន ចាន់ថន អធិការរងនគរបាលស្រុកមណ្ឌលសីមា ទទួលបន្ទុកផែន សេនាធិការ បានឱ្យដឹង កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ថាៈ ការល្បាតការពារ សុវត្ថិភាពជូនពលរដ្ឋនេះ ធ្វើឡើងក្នុងគោលដៅចម្បង គឺទប់ស្កាត់នូវបទល្មើសផ្សេងៗ ណាមួយ ពេលរាត្រី បានទាន់ពេលវេលាបំផុត។

បើតាមលោកអធិការរងនគរបាល ស្រុកមណ្ឌលសីមា ថាមួយរយៈចុងក្រោយនេះ បញ្ហាបទល្មើស ឬអំពើអសកម្មក្នុងមូលដ្ឋាន កើតមានតិចតួចប៉ុណ្ណោះ ពុំមានបញ្ហាចោទ នោះទេ ពោលគឺ អាចគ្រប់គ្រងបង្រ្កាប ទប់ស្កាត់ បានយ៉ាងល្អប្រសើរ។

ពិសេស អំឡុង យុទ្ធនាការឃោសនាបោះឆ្នោត អាណត្តិទី៧នេះ។ ទាក់ទិននឹងមានក្មេងទំនើងដើរលេង យប់ជ្រៅពេក សមត្ថកិច្ចស្រុក និងឃុំ បានណែនាំ ២ដង ករណីឃើញមុខដដែល នឹងធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច មុននឹងមានវិធានការច្បាប់ជាកំហិត។

ប្រតិបត្តិការទាំងនេះ អនុវត្តន៍តាមគោលការណ៍ និងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងលោក លឹម សែងច័ន្ទ អធិការនគរបាល ស្រុកមណ្ឌលសីមា កងកម្លាំងប្រដាប់អាវុធ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការល្បាត ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយក្នុង ១ខែ ៨ដង។

គេសងេ្កតឃើញថា កន្លងទៅ កងកម្លាំងនគរបាលអធិការនគរបាល ស្រុកមណ្ឌលសីមា ក៏បានទប់ស្កាត់ និងបង្រ្កាបល្មើសជាក់ស្តែង បានជាច្រើនករណីផងដែរ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ការកែច្នៃបំពុងស៊ីម៉ាំងខុសបច្ចេកទេស បង្កការរំខានដល់ពលរដ្ឋ ពេលយប់ជ្រៅ ការជួញដូរគ្រឿងញៀន ក្មេងទំនើង ដើរ និងល្បែងស៊ីសងជាដើម៕

ដកស្រង់ពី៖រស្មីកម្ពុជា