បណ្តាញសង្គម

កងការពារព្រំដែនលេខ៥០៤ ក៏បង្កើនល្បាត តាមបណ្តោយព្រំដែន នៃខេត្តបាត់ដំបង

ព្រំដែនកម្ពុជា ថៃៈ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានបន្តសហការជាមួយវរសេនាតូចនគរបាល ការពារព្រំដែនគោកទាំង ៣ វរៈ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើរល្បាត ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ។

បំណងនៃសកម្មភាពនេះ គឺដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែន ខុសច្បាប់ បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រ ដែលទទួលខុសត្រូវ (ក្នុងសភាពការណ៍ ធម្មតា និងក្នុងអំឡុងដំណើរការបោះឆ្នោតសាកល នៅថៃ និងនៅកម្ពុជា កន្លងមក និងទៅខាងមុខ) ។

លោកវរសេនីយ៍ឯក យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ បាននិយាយ ថាៈ កងកម្លាំងរបស់លោក ក៏មានទំនាក់ទំនងជាមួយកងកម្លាំងភាគីថៃ ឈរជើងការពារ ព្រំដែនថៃ កម្ពុជា នៃខេត្តស្រះកែវ ច័ន្ទបូរី និង ត្រាត ដែលនៅទល់មុខនឹងព្រំដែនខេត្តបាត់ ដំបង ប៉ៃលិនផងដែរ។

ពោលគឺ ដើម្បីពង្រឹងដល់កងកម្លាំងខ្លួន ជាប្រចាំ ឱ្យបានយ៉ាងតឹងរ៉ុឹង និង សហការគ្នា ឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ ដើម្បីរក្សាសុខ សន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែន ខុសច្បាប់ ។

លោកមេបញ្ជាការរូបនេះ បានបញ្ជាក់ថាៈ “ជាលទ្ធផលនៃការល្បាតត្រួតពិនិត្យ នៅបណ្តោយព្រំដែន គឺសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន គ្មានអ្វីប្រែប្រួលទេ ” ។

គួរកត់សម្គាល់ថា ក្នុងរយ:ពេលចុងក្រោយនេះ មានសកម្មភាពរបស់កងកម្លាំងការពារ ព្រំដែននានារបស់កម្ពុជា បាននឹងកំពុងចេញល្បាត ត្រួតពិនិត្យសភាពការណ៍សន្តិសុខ សូវត្ថិភាព និងទប់ស្កាត់បទល្មើស តាមព្រំដែន រវាងកម្ពុជា ថៃ ឡាវ និងវៀតណាម ។ នោះវាជាសន្តិសុខរួមប្រចាំថ្ងៃ និងក៏ជាសន្តិសុខបោះឆ្នោតសាកលផងដែរ ៕

ដកស្រង់ពី៖រស្មីកម្ពុជា