បណ្តាញសង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតប្រព្រឹត្តិទៅដោយល្អប្រសើរ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

បានបញ្ជាក់ពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរ នាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ដែលទាំងនេះមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។

ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការកោតសសើរដល់កងកម្លាំងគ្រប់កងឯកភាពទាំងអស់ ដែលបានប្រចាំការទ្រទ្រង់សភាពការណ៍ និងសហការគ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឱ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ តបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងមូល។

យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចដូចខាងក្រោម ៖ -ជួយដល់លេខាធិការដ្ឋាន នៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។

-ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។

-តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំងមុនក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ ដោះស្រាយបានទាន់ពេលវេលា។ -ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ -ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.

ដកស្រង់ពី៖រស្មីកម្ពុជា