បណ្តាញសង្គម

បីខេត្ត មកប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​២០២៣​ នឹងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន បានរួមគ្នាប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមប្រធានបទៈ

* អ្វីៗដេីម្បីប្រជាពលរដ្ឋ ជាចម្បងបញ្ឈប់ការរេីសអេីងនិងមាក់ងាយ អ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំបង្ការ* ដែលប្រារព្ធធ្វើ នៅបរិវេណសាកល វិទ្យាល័យ មានជ័យ នាផ្លូវជាតិលេខ៥–ផ្លូវដែក ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដោយមាននាំយកវត្ថុតាងគ្រឿងញៀនជាច្រើន មកពី ៣ ខេត្តទាំង៣ផងដែរ ។

 ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត ឯកឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ឯក នាក់ យុុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី និងមានការចូលរួមពីលោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូង ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំងបីប្រភេទ បុគ្គលិកមន្ត្រីរាជការភ្ញៀវជាតិ និងអន្តរជាតិមកពី ខេត្តបន្ទាយមានជ័យឧត្តមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងតំណាងរដ្ឋបាលក្រុង–ស្រុក មេឃុំ–ចៅសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយុវជនផ្តាច់គ្រឿងញៀន មកពីមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់។

លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ វត្ថតាងគ្រឿងញៀន ដែលត្រូវដុតបំផ្លាញ លើកនេះ រួមមាន ម្សៅក្រាម សថ្លា (ICE) ចំនួន ៣.០៨៧,២៣ ក្រាម, ថ្នាំគ្រាប់ (WY) ៣១៦,០៦ ក្រាមនិង ១.២០៧គ្រាប់, ថ្នាំញៀនប្រភេទចំរុះ(ថ្នាំគ្រវី) ៣៣៧,៨ ក្រាម និងកញ្ឆាក្រៀម ៥,៨៦ ក្រាម។

លោកឧត្តមសេនីយ៍ឯក នាក់ យុុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿង ញៀន បានថ្លែងក្រើនរំលឹក ដល់ប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្សទាំងអស់ សូមចូលរួមនិងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ព្រោះគ្រឿងញៀនបំផ្លាញអ្នក បំផ្លាញ គ្រួសារអ្នក បំផ្លាញសង្គមជាតិទាំងមូល ជនណាដែលមានបំណងរកស៊ីគ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពខុសច្បាប់ បើអ្នកនៅតែប្រព្រឹត្ត អ្នកពិតជាមិនអាចរួច ពីសំណាញ់ច្បាប់បានឡើយ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះមានការណែនាំ និងសំណូមពរ ៨ ចំណុច ដោយមានពន្លេចខ្លឹមសារ នៃផែនការភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសសស្លោក “៣កុំ ១រាយការណ័ គឺទី១–កុំពាក់ព័ន្ធជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត កុំប្រើប្រាស(សេព) , ទី២–កុំអន្តរាគមន៍ និងទី៣–កុំលើកលែង និង១ រាយការណ៍ៈ សហការរាយការណ៍ ដោយសម្ងាត់ពី គ្រឿងញៀន ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថាៈ គ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ ត្រូវបានបង្ក្រាប លើឧក្រិដ្ឋជនដែលយកមកធ្វើអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណូលរបស់ពួកគេ ដោយបានអូសទាញស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានសាកល្បង ឲ្យហ៊ានប្រព្រឹត្ត ដោយចាប់ផ្ដើមដំបូង ពីការប្រើប្រាស់រហូតឈានទៅ ដល់ការប្រព្រឹត្តអំពើ នៃការចាត់ចែងការរក្សាទុក ការដឹកជញ្ជូន និងការជួញដូរដោយខុស ច្បាប់នូវសារធាតុគ្រឿងញៀន ដែលជាប្រភព នៃការឈានទៅប្រព្រឹត្តបទល្មើសមជ្ឈឹម ផ្សេងៗទៀតដូចជា: ឃាតកម្មចាប់ចម្រិត រំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ ក្រុមបងតូច បងធំ ឈានទៅដល់អំពើហិង្សាក្នុងគ្រួសារជាដើម ដែលបង្កនូវអសន្តិសុខធ្ងន់ធ្ងរជាច្រើន ដល់សង្គមជាតិទៀតផង ៕

ដកស្រង់ពី៖រស្មីកម្ពុជា