បណ្តាញសង្គម

ថ្ងៃទី១៦ ខែសីហា៖ តុលាការ បើកសវនាការរឿងក្តីលោក ថាច់ សេដ្ឋា រឿងចេញសែកស្អុយ

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែសីហា ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្តីលោក ថាច់ សេដ្ឋា ពីអង្គហេតុ មិនបំពេញកាតព្ កិច្ចចំពោះ ឧបករណ៍ ដែលអាចជួញដូរ បានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។សមាសភាពចៅក្រមជំនុំជម្រះ រួមមានៈ លោកស្រី ឈុន ដាវី ជាចៅក្រម , តំណាង អយ្យការ លោកប្លង់ សុផល និងក្រឡាបញ្ជីសវនាការលោកស្រី ម៉ុង សៀកលីង ។

សូមរម្លឹកថា លោក ថាច់ សេដ្ឋា ត្រូវបានកងកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយអនុវត្តទៅតាមដីកា បង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លេខ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ការឃាត់ខ្លួននេះ បន្ទាប់ពីតំណាងអយ្យការ បានទទួលពាក្យបណ្តឹង ពីក្រុមហ៊ុន រិន ឆាយ ផនសប ដែលបានប្តឹងលោក ថាច់ សេដ្ឋា ពាក់ព័ន្ធការចេញសែក គ្មានសាច់ប្រាក់ជាង ៣ ម៉ឺនដុល្លារ។

អ្នកនាំពាក្យនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការ បានទទួលពាក្យបណ្តឹង ពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ អាចជួញដូរបាន (ការចេញសែក ដោយគ្មានសាច់ប្រាក់ចំនួន ៥ សន្លឹក) ។

បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រម ទាំងពិនិត្យ លើភស្តុតាងនានា តាមនីតិវិធីរួចមក អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ សងប្រាក់ តាមដីកាសន្និដ្ឋាន បញ្ចូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខាន មិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួនពីរលើក របស់ ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ “ឈ១”ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។

រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិ វិធី ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាង នានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យ ឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនបានឲ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ សង។

យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួន លេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួលលេខ ១៩ “ឈ១” ព្រទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកា បង្គាប់ឱ្យនាំ ខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។

ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេច នាំខ្លួន ឈ្មោះ ថាច់ សេដ្ឋា កចំពោះមុខចៅក្រមស៊ើបសួរបំភ្លឺការពិត។ ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា មកសាលាដំបូង រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមក ប្រគល់ជូនសាលា ដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា