បណ្តាញសង្គម

ម្ចាស់​ចម្ការ ប្ដឹង​នគរបាល​ប៉ុស្តិ៍​សាលា​ក្រៅ ចាប់​ជនសង្ស័យ​០៣​នាក់ លួច​កាច់​ពោត

ខេត្តប៉ៃលិន ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ នៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានទទួលពាក្យបណ្ដឹងពីម្ចាស់ចម្ការពោតម្នាក់ ឈ្មោះ ហ៊ាន់ រ៉ន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្ដឹងករណីចោរលួចកាច់ពោត ក្នុងចម្ការរបស់គាត់ នៅចំណុចទល់មុខមណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយពេលទទួលពាក្យបណ្ដឹង កម្លាំងនគរបាលប៉ុស្ដិ៍សាលាក្រៅ បានសហការជាមួយកម្លាំងប្រចាំការ និងកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានដាក់កម្លាំងចាំពួនស្ទាក់ រហូតដល់ម៉ោង០៣ទៀបភ្លឺថ្ងៃដដែល ក្រុមជនសង្ស័យបានចេញទៅយកម៉ូតូ ដែលពួកគេរត់ចោល។ ពេលនោះ ត្រូវកម្លាំងនគរបាល ដេញប្រផាប់ចាប់ប្រភីង រហូតចាប់បានជនសង្ស័យចំនួន០៣នាក់ ។

ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ដូចខាងក្រោម ៖ ទី១. ឈ្មោះ ភេង ផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្វើតេតេស្តវិជ្ជមាន) ជាអ្នកធ្វើសកម្មភាព និងធ្លាប់ជាប់ពន្ធនាគាររយៈពេល០២ឆ្នាំ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ទី២. ឈ្មោះ ស៊ីម សា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្វើតេស្តវិជ្ជមាន) ជាអ្នកចូលរួមធ្វើសកម្មភាព ។ ទី៣. ឈ្មោះ ស៊ីម សៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្វើតេស្តវិជ្ជមាន) ជាអ្នកចូលរួមធ្វើសកម្មភាព។

ជនសង្ស័យទាំងអស់គ្នា រស់នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពដដែលបន្តថា វត្ថុតាងដកហូត រួមមាន ៖ -ម៉ូតូចាស់ ០១គ្រឿង គ្មានស្លាកលេខ -ដាវ ចំនួន ០១ដើម -ពូថៅ០១ដើម -ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន០២កញ្ចប់តូច និងសម្ភារប្រើប្រាស់មួយចំនួន ។

-ម្ជុលបកពោត ចំនួន០២ដើម -ទូរសព្ទម៉ាក Nokia ចុចពិល ០១គ្រឿង -ពោតច្រកការ៉ុងរួច ចំនួន០៤ការ៉ុង និងការ៉ុង មិនទាន់ច្រក ចំនួន០៥ការ៉ុង ។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានរួមគំនិតគ្នា លួចពោតរបស់ប្រជាពលរដ្ឋ ពិតប្រាកដមែន ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ខាងលើ គឺជាមុខសញ្ញាលួចយ៉ាងសកម្ម និងជាអ្នកប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព