បណ្តាញសង្គម

ប្រជាពលរដ្ឋ ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ ២​គ្រាប់ ពេល​ដើរ​កាច់​ទំពាំង​ព្រៃ

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋនាំគ្នាដើរកាច់ទំពាំងព្រៃ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន២គ្រាប់ ក្នុងនោះ០១គ្រាប់ ជាប្រភេទ M14 និង២គ្រាប់ទៀត គ្រាប់មីន ៦០មីលីម៉ែត្រ នៅក្បែរគុម្ពឫស្សីមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ភ័យព្រលឹងចុងសក់ ទើបរាយការជូនសមត្ថកិច្ច ឲ្យចុះទៅពិនិត្យ និងខាងមន្ត្រីស៊ីម៉ាក់ យកទៅទុកកម្ទេចចោល ។

ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋមួយក្រុម បាននាំគ្នាដើរកាច់ទំពាំងព្រៃ នៅក្បែរមាត់អូរ លុះមួយសន្ទុះក្រោយមក ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្បែរគុម្ពឫស្សីព្រៃ ទើបម្នាក់ៗ ដើរចេញទៅក្រៅ ហើយរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះត្រួតពិនិត្យភ្លាមៗតែម្តង ។

បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌ ដែលសេសសល់ពីសម័យសង្គ្រោះ មិនទាន់ផ្ទុះខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលបានទំនាក់ទំនងទៅអង្គភាពកំចាត់គ្រាប់មីន (ស៊ីម៉ាក់ CMAC) ដើម្បីយកគ្រាប់ទៅរក្សាទុក កម្ទេចចោល នាពេលក្រោយ៕

ដកស្រង់ពី៖កោះសន្តីភាព