បណ្តាញសង្គម

ជន​សង្ស័​យ​​លួច​ម៉ូតូ​ពី​ប៉ៃលិន​ជិះទៅ​ជាប់អន្ទាក់​ប៉េ​អឹមនៅ​​ស្រុក​កំ​រៀង

ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយមានសេចក្ដីរាយការណ៍ថា បានលួចយកម៉ូតូគេមួយគ្រឿងពីស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៨ សីហា ហើយថែមទាំងដកហូតម៉ូតូ០២គ្រឿង ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់មាន ១-ឈ្មោះ ចាន់ ដារ៉ា អាយុ៣៦ឆ្នាំ ២-ឈ្មោះចំរើន ភា អាយុ៣០ឆ្នាំ ទាំង០២នាក់នេះ នៅភូមិទូលនិម្មិត សង្កាត់ទូលល្វា ក្រុង ប៉ៃលិន និង៣-ឈ្មោះ សិន កក្កដា អាយុ២០ឆ្នាំ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ជាមួយនឹងការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបានម៉ូតូ០២គ្រឿង គឺម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ បិទតែមស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1BN-0364 (ម៉ូតូដែលបាត់) និង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ 1C-9280 (ម៉ូតូក្រុមជនសង្ស័យជិះធ្វើសកម្មភាព) និងវត្ថុតាងមួយចំនួនទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចស្រុកសាលាក្រៅបានផ្ដល់ព័ត៌មាន(បាត់ម៉ូតូ)នេះ ដល់កម្លាំងកងរាជអាវុធហត្ថ ស្រុកកំរៀង ឲ្យជួយអន្តរាគមន៍ ក្រោយពីដឹងតម្រុយថា មុខសញ្ញាលួចម៉ូតូទាំង០៣នាក់ បានលួចម៉ូតូពីស្រុកសាលាក្រៅ ជិះឆ្ពោះមកកាន់ស្រុកកំរៀង ។

ក្រោយពីទទទូលបាន ព័ត៌មាននេះភ្លាម កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះត្រូតពិនិត្យលើដងផ្លូវ ប្រហែលកន្លះម៉ោងប៉ុណ្ណោះ ជនសង្ស័យទាំង០៣នាក់ ក៏ជិះចូលអន្ទាក់កម្លាំងកងរាជអាវុធហត្ថតែម្ដង។

បើតាមរបាយការណ៍បានឲ្យដឹងថា ពេលនេះ ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងផង កំពុងស្ថិតនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ដែលមន្ត្រីជំនាញ កំពុងសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព