បណ្តាញសង្គម

ជនមានវិបល្លាសស្មារតីម្នាក់ ទាញពូថៅកាប់មេភូមិ បណ្តាលឲ្យស្លាប់ ក្រោយការរួចពី ការបង្ខាំងរបស់ឪពុកម្តាយ

បាត់ដំបងៈ ជនមានសតិមិនគ្រប់ម្នាក់ ទាញពូថៅកាប់មេភូមិ ជាច្រើន ពូថៅ បណ្តាលឲ្យស្លាប់ ក្រោយការរួចពី ការបង្ខាំងរបស់ឪពុកម្តាយ អស់អំឡុងពេល បីឆ្នាំ កន្លងទៅ ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានលើកឡើងថា ករណីឃាតកម្មយ៉ាងព្រៃ ផ្សៃនេះ បានកើតឡើង នៅវេលាម៉ោងជិតថ្ងៃត្រង់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ចំណែកសមត្ថកិច្ច បានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះ ស្លាប់ ដោយការកាប់នឹងពូថៅ ខាងលើ បង្កដោយជនសង្ស័យ ឈ្មោះ ប្រាក់ សុខណា ភេទប្រុស អាយុ ៣៦ ឆ្នាំ (វិបល្លាសស្មារតី) មានទីលំនៅ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុ ជនបង្ក ក្រោយបានក្រុមគ្រួសារបង្ខាំង ដោយដាក់ច្រវាក់ ជាប់នៅនឹងផ្ទះ រយៈពេល ៣ ឆ្នាំ ហើយបានរួចពីច្រវាក់ រំពេចនោះ ក៏បានធ្វើសកម្មភាពយកពូថៅ កាប់ផ្ទួនៗជាច្រើនពូថៅ ទៅលើជនរងគ្រោះ ឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជាមេភូមិ នៅភូមិ ឃុំ-កើតហេតុ ខាងលើ បណ្ដាលឱ្យ រងរបួសធ្ងន់ធ្ងរ ត្រង់ភ្នែកស្ដាំ ត្រចៀក ឆ្អឹងជំនី ទីបំផុត បានស្លាប់យ៉ាងអាណោចអាធ័ម យ៉ាងអយុត្តិធម៌។ ករណីនេះ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនបង្ក ទៅតុលាការ តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា