បណ្តាញសង្គម

យុវជនម្នាក់ បានស្លាប់ ដោយសារបើកម៉ូតូ បុកពីក្រោយរថយន្តដឹកថ្ម

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបើកម៉ូតូ ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ រថយន្តដឹកថ្មពេញទំហឹង កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ពាន អាកាសជម្ពូវ័នផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានប្រាប់ថា សពយុវជនរងគ្រោះ មានឈ្មោះ ម៉េង ហ៊ុយ អាយុ ២៣ ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្តឲ្យគេ មានស្រុកកំណើត ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តសណ្ដោងរ៉ឺម៉ក ដឹកថ្ម មួយគ្រឿង ពណ៌ក្រហមក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E7255 ចំណែករ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A.2203 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ៤ទិសដៅពីខាងលិចទៅខាងកើត លុះមកដល់ត្រង់ចំណុចកើតហេតុ ខាងលើ រថយន្ត ក៏បានឈប់រង់ចាំភ្លើងស្តុប ស្របពេលនោះ ក៏ឃើញមានយុវជនម្នាក់ ជិះម៉ូតូ ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៏សាត់ 1B.7757 ធ្វើដំណើរស្របគ្នា មកពីក្រោយ ក្នុងល្បឿនលឿន បានជ្រុល បុក រថយន្តដឹកថ្ម ពីក្រោយ ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុតែម្ដង ។

ចំណែកអ្នកបើកបររថយន្ត ចុះគេចខ្លួនបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា