បណ្តាញសង្គម

តុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនយុវជនម្នាក់ ករណីឆក់ត្រី ខុសច្បាប់

ទឹងត្រែង: ចៅក្រមនៃសាលាដំបូងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនយុវជនម្នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ក្រោយពីតំណាងអយ្យការ បានធ្វើការចោទ ប្រកាន់។

មន្ត្រីជលផល បានឲ្យដឹងថា យុវជនខាងលើ ឈ្មោះ ហ៊ុល ឡាយ អាយុ ២២ ឆ្នាំ រស់នៅ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ មន្ត្រីខាងលើ បានឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួន កម្លាំងឆ្មាំទន្លេ អភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា និងប៉ុស្តិ៍កោះជ្រឹម សហគមន៍នេសាទកោះជ្រឹម ចុះល្បាតក្នុងតំបន់អភិរក្ស ក៏ប្រទះឃើញសកម្មភាពទូកមួយគ្រឿង មានគ្នាពីរនាក់ កំពុងឆក់ត្រី។

ភ្លាមនោះ ក្រុមអភិរក្ស បានសហការគ្នា ដេញតាម ជនសង្ស័យ ឃើញ ក៏បើកទូកសំដៅទៅមាត់ច្រាំង រត់ឡើងលើគោក ប្រាសអាយុ ប៉ុន្តែជនសង្ស័យម្នាក់ ត្រូវក្រុមការងារ ឃាត់ខ្លួនបាន នៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក បញ្ជូនមកខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឺងត្រែង។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលធ្វើសកម្មភាពជាមួយ កំពុងរត់គេចខ្លួននៅឡើយ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា វត្ថុតាងដករហូត ករណីខាងលើនេះ រួមមាន ទូកឈើ មួយគ្រឿង, ម៉ាស៊ីនម៉ាកហ៊ីណូ កម្លាំង ២៥ សេសមួយគ្រឿង, ថ្នងដងត្រី ដែលភ្ជាប់ខ្សែភ្លើង មួយគ្រឿង និងត្រីជាច្រើនគីឡូក្រាម៕

ដកស្រង់ពី៖រស្មីកម្ពុជា