បណ្តាញសង្គម

រកឃើញសពក្មេងប្រុសដែលលិចទូកស្លាប់កាលពីបីថ្ងៃមុននៅក្បែរកោះពេជ្ច

ភ្នំពេញ៖ ក្មេងប្រុសអាយុ ១៣ម្នាក់ ដែលបានស្លាប់ដោយសារលិចទូក ពេលទៅនេសាទជាមួយឪពុកធំ និងប្អូនកាលពីបីថ្ងៃមុន នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសាររកឃើញសាកសពហើយ កាលពីព្រឹកថ្ងៃ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ខណៈសពបានអណ្តែតនៅម្តុំកោះពេជ្រ ។

ក្មេងប្រុស ដែលបានស្លាប់ ឈ្មោះផន សុវណ្ណនុត មានលំនៅ សង្កាត់បាខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្មេងប្រុសរូបនោះ បានជិះទូកជាមួយ ឪពុកធំ និងប្អូនប្រុសម្នាក់ ទៅនេសាទត្រី ពេលទូកបណ្ដែតដល់ក្បែរ សាឡង់បូមខ្សាច់នៅចំណុចត្រង់ ស្ពានទី៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ត្រូវទឹកគួចប្រឡាប់លិច។

ភ្លាមៗ ឪពុកធំ បានជួយសង្គ្រោះបានក្មួយម្នាក់ជាប្អូន ។ ចំណែក ក្មួយម្នាក់ទៀតជាបង ក៏បានលិចបាត់រកសពពុំឃើញ។ នៅយប់នោះ ឪពុក ម្តាយ បងប្អូន ក៏បាននាំគ្នាស្វែងរកសពក្មេងរងគ្រោះ ពុំឃើញឡើយ ។

លុះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមសង្គ្រោះអង្គភាព៩១១ ដឹកសម្ភារៈរៀបចំឧបករណ៍នៅគល់ស្ពានជ្រោយចង្វារខាងកើត ដើម្បីជួយចុះ ស្វែងរកសព តាមការស្នើរសុំស្រាប់តែទទួលដំណឹងថា សពក្មេង បានអណ្តែតឡើង នៅម្តុំកោះពេជ្រហើយ ត្រូវបានក្រុមគ្រួសារជួលទូកនេសាទអូសឡើងយកទៅបូជានៅវត្តព្រែក លៀបតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា