បណ្តាញសង្គម

យុវជន​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​យក​ដុំ​ថ្ម​គប់​គ្នា​ផ្អើល​ចំណុច​សួន​អាពាហ៍ពិពាហ៍

ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានយុវជនចំនួន២ក្រុម បានប្រើប្រាស់អំពើហិ.ង្សាវា.យកា.ប់ចា.ក់គ្នា និងយកដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រហែល៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីធ្វើសកម្មភាពរួច ក្រុមយុវជនខាងលើនេះ ក៏នាំគ្នារត់គេចខ្លួនបាត់អស់។

បើប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា លុះរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង២០នាទីព្រឹក កម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ព្រមទាំងកំណត់មុខសញ្ញាក្រុមយុវជនទាំង២ក្រុមខាងលើនេះបាន រហូតឈានដល់ការចាប់ខ្លួនយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលមានឈ្មោះដូចខាងក្រោម ៖ ក្រុមទី១- មានគ្នាចំនួន៣នាក់ ក្នុងនោះទី១- ឈ្មោះ ខ្នា ប្រុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) ជាមុខសញ្ញាចាស់មិនរាងចាល។

ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់ ។ ក្រុមទី២- មានគ្នាចំនួន៣នាក់ដូចគ្នា ក្នុងនោះទី១- ឈ្មោះ អាន ធនិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសកូនដៃស្រាល) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង1AT-5813 (ម៉ូតូខូចខាតមធ្យម)។

ទី២- ឈ្មោះ ហេង សុជាតិ ហៅ កច់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) ជាមុខសញ្ញាចាស់មិនរាងចាល (អ្នកជិះពីខាងក្រោយ)។ និងទី៣- ឈ្មោះ រិទ្ធិ តារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) អ្នកជិះពីក្រោយ។ ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២និង១៥នាទីរសៀល យុវជនក្រុមទី១ ដែលមានគ្នាចំនួន៣នាក់ បាននាំគ្នាជិះម៉ូតូទៅឈប់អង្គុយលេង និងផឹកស្រាបៀរនៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិ-សង្កាត់ខាងលើ។ លុះដល់វេលាម៉ោងកើតហេតុ ក៏ស្រាប់តែមានយុវជនក្រុមទី២ ជិះម៉ូតូចំនួន១គ្រឿង មានគ្នា៣នាក់ បានជិះម៉ូតូទៅមកៗរបៀបឌឺដងដាក់យុវជនក្រុមទី១ បន្ទាប់មកយុវជនទាំង២ក្រុម ក៏វា.យគ្នា និងរើសដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរបួសចំកូនដៃស្រាលម្នាក់តែម្ដង និងខូចខាតអាវម៉ូតូទាំងសងខាង ព្រមទាំងភ្លើងមុខក្រោយ រងការខូចខាតមធ្យម។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ យុវជនទាំង២ក្រុមខាងលើបានឆ្លើយសារភាពថា «ពួកគេពិតជាបានយកដុំថ្មគប់គ្នាទៅវិញទៅមកពិតប្រាកដមែន»។ ចំណែកវត្ថុតាងដែលដកហូតបានសរុប រួមមាន ៖ ១- ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AT-5813 ចំនួន១គ្រឿង និង២- ដុំថ្មចំនួន៣ដុំ។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ សមត្ថកិច្ចសូមគោរពស្នើសុំយោបល់លោកស្នងការ ដើម្បីឃាត់ខ្លួនយុវជនទាំង៤នាក់នោះ រួមទាំងវត្ថុតាងជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព