បណ្តាញសង្គម

បើករថយន្តបុកកន្លែងប៉ះកង់ ពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ ២ នាក់

ភ្នំពេញៈ ក្មេងប្រុសម្នាក់ ដែលត្រូវជាកូនជាង បានបាត់បង់ជីវិត និងពីរនាក់ ប្តីប្រពន្ធ រងរបួសធ្ងន់ ខណៈកំពង់អង្គុយរង់ចាំប៉ះកង់ ស្រាប់តែមានបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូច បានបើករថយន្ត តូយ៉ូតា ហាយលែនឌ័រ មកបុកពេញទំហឹង នៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃពុធ ទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ នុន ចាន់ធូ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងប៉ះកង់ មានទីលំនៅភូមិពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តោល និងពីរនាក់ប្ដីប្រពន្ធ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តដឹក យកទៅសង្គ្រោះ។

តាមប្រភពពីបុរសម្នាក់ ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គាត់ឃើញ រថយន្តតូយ៉ូតា ហាយលែនឌ័រ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាក លេខ ភ្នំពេញ 2AT7065 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីខាងលិចមកខាងកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏បានរេចង្កូត មកខាងឆ្វេងដៃ រៀបនឹងបុករបាំងថ្មចែកទ្រូងផ្លូវទៅហើយ ក៏បួងចង្កូតមកស្ដាំដៃវិញ បួងខ្លាំងពេក ក៏ជ្រុលបុកឡើងលើចិញ្ចើមផ្លូវ ទៅបុកម៉ូតូរ៉ឺម៉កប៉ះកង់ លក្ខណៈគ្រួសារ បណ្ដាលឲ្យក្មេងប្រុសម្នាក់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងរងរបួសពីរនាក់ប្តី ប្រពន្ធ ធ្ងន់ ។

ភ្លាមៗ ក៏មានរថយន្ត សាមុយមកដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ចំណែកអ្នកបើករថយន្ត ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី៣ ក្នុងស្ថាភាពស្រវឹងស្រា។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឱ្យសាច់ញាតិ ដឹកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា