បណ្តាញសង្គម

ចុះលេងទឹកទំនប់បង្ហៀរធ្លាក់ចូលកន្លែងជ្រៅស្លាប់ម្នាក់ ជួយទាន់ម្នាក់

បាត់ដំបង: ទឹកកួចបានសម្លាប់ក្មេងស្រីជំទង់ម្នាក់ ខណៈម្នាក់ទៀតជួយទាន់ក្រោយចុះលេងទឹកទំនប់បង្ហៀរហើយក៏ជ្រុលជើងធ្លាក់ចូលកន្លែងជ្រៅខណៈទឹកហូរខ្លាំង។

ប្រភពនៅកន្លែងកើតហេតុបញ្ជាក់ថា ករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោងជាង៣:០០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចអាងស្តុកទឹកអាងភាសន៍ ឋិតក្នុងក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះមឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ សិស្សរស់នៅក្នុងក្រុមទី ៩ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សាក្សីជាមិត្តភក្ត្រដែលបានជួយសង្គ្រោះរួចផុតពីគ្រោះបានបញ្ជាក់ថា÷ មុនពេលកើតហេតុខ្លួនជាមួយជនរងគ្រោះបាននាំគ្នាទៅលេងទឹកត្រង់ស្ពានបង្ហៀរទឹក បានមួយសន្ទុះកុមារីរងគ្រោះបានជ្រុលជើងហើយធ្លាក់ចុះក្រោមត្រង់កន្លែងដែលមានទឹកគួចហូរខ្លាំង ភ្លាមនោះខ្លួនបានស្ទុះឈោងចាប់ដើម្បីជួយរហូតដល់នាងធ្លាក់ទៅជាមួយដែរកុំតែបានអ្នកស្រុកជួយទាន់កុំអីនាងអាចនឹងមានគ្រោះដល់ជីវិតដូចគ្នា ចំណែកឯជនរងគ្រោះបានរសាត់ទៅឆ្ងាយរួចក៏ត្រូវទឹកកួចលិចបាត់តែម្តង ទម្រាំរកឃើញនាងបានផុតដង្ហើមបាត់ទៅហើយ៕

ដកស្រង់ពី៖រស្មីកម្ពុជា