បណ្តាញសង្គម

ភ្លើងប្រច័ណ្ឌ៖ បុរសម្នាក់ កាប់ប្រពន្ធឱ្យស្លាប់ រួចចង កសម្លាប់ខ្លួនឯង នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ ដោយសារភ្លើងប្រច័ណ្ឌ បុរសម្នាក់ បានកាប់ប្រពន្ធ ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ ក្នុងថ្លុកឈាម រួចក៏ទៅចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ និងជនសង្ស័យ ជាប្ដី ឈ្មោះ លី សារិន អាយុ ៣៤ឆ្នាំ មានមុខរបរ រកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន ២ នាក់ និងមានទីលំនៅ ភូមិ ឃុំ កន្លែងកើតហេតុ ខាងលើ ។

ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុ កាលពីព្រលប់ ថ្ងៃទី ៤ ខែតុលា ប្ដីប្រពន្ធ ទាំងពីរនាក់ បានទាស់គ្នាជាខ្លាំង ម្ដងហើយ ក្រោយមក ក៏មានការសម្រប សម្រួលពីបងប្អូន ក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។ ស្រាប់តែវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែតុលា បុរស ជាប្ដីបាន យកកាំបិត កាប់ប្រពន្ធចំកញ្ចឹងក ចំស្មា និងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ ក្នុងថ្លុកឈាម បន្ទាប់មក បុរសជាប្ដី បានទៅផ្ទះបាយ ចង កសម្លាប់ខ្លួនតែម្ដង។ នៅក្នុងហេតុការណ៍នោះ កូនប្រុស អាយុ ៩ ឆ្នាំ បានឃើញសកម្មភាពដ៏ឃោរឃៅនេះ ក៏រត់ទៅប្រាប់ជីតា ហើយក៏មានការភ្ញាក់ផ្អើលឡើង។ ប្រភពពីប្រជាពលរដ្ឋ ក្បែរខាង បានឲ្យដឹងថា គ្រួសារពីរនាក់ ប្ដីប្រពន្ធ តែងទាស់គ្នាជា រឿយៗ ដោយសារប្ដី ប្រច័ណ្ឌប្រពន្ធ។

សូមបញ្ជាក់ឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី ៥ ខែតុលា នេះដែរ សមត្ថកិច្ចនគរបាល បច្ចេកទេស បានទៅធ្វើកោសលវិច័យ និងប្រគល់សព ទាំងពីរនាក់ ប្ដីប្រពន្ធ ទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា