បណ្តាញសង្គម

ឃាតកម្ម អារក សម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ៖ ស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាម នៅក្នុងផ្ទះ មានបាត់បង់ ទ្រព្យសម្បត្តិ លុយកាក់ផង សង្ស័យជាករណីអារកសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយជនសង្ស័យ រត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល គ្រាដែលកូនប្រុសស្រី ២នាក់ វិលមកពីរៀន ចូលដល់ក្នុងផ្ទះ ប្រទះឃើញម្តាយ ដេកស្លាប់ ប្រឡាក់ឈាម កាលពីវេលា ម៉ោង ១១និង១៥ នាទីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្ទះជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះ ឈ្មោះ ឈឹម ស្រីមុំ អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះកើតហេតុ មានប្តី ជាជាងជួសជុលបរិក្ខារអគ្គិសនី មានកូន ២នាក់ ប្រុស១នាក់ ស្រី១នាក់ នៅក្នុងបន្ទុក រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត នៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសម្តីបុរសជាប្តី បានឱ្យដឹងថា មុនកើតហេតុ ប្រពន្ធរបស់គាត់ នៅលក់ដូរ នៅផ្ទះ តែម្នាក់ឯងទេ ផ្នែកខាងក្រោម រីឯបន្ទប់ជាន់ខាងលើ ជួលឱ្យគេស្នាក់នៅ ។ ចំណែកគាត់ ជាប់រវល់នៅប្រកបរបរ លក់ដូរ ជួសជុលបរិក្ខារអគ្គិសនី នៅផ្លូវចោមចៅ មុខផ្ទះឡ។

រីឯកូន ២នាក់ ទៅរៀន។ លុះនៅវេលាម៉ោង ១១និង១៥ នាទីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ គ្រាដែលកូនគាត់ទាំង ២ នាក់ ចេញពីសាលាដល់ផ្ទះ ក៏ប្រទះឃើញម្តាយ ដេកស្លាប់ ក្នុងថ្លុកឈាម ផ្អើលអ្នកជិតខាង ទូរស័ព្ទប្រាប់គាត់ មកដល់ផ្ទះ ឃើញប្រពន្ធ ដេកស្លាប់ ប្រឡាក់សុទ្ធតែឈាម មានស្នាមរយះក បាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ។

ក្រោយពីមានករណីឃាតកម្ម អារកសម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ ជនសង្ស័យ រត់គេចខ្លួនបាត់ ហើយត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យស្រាវជ្រាវ ករណីនេះ៕

ដកស្រង់ពី៖រស្មីកម្ពុជា