បណ្តាញសង្គម

សំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: សំណល់យុទ្ធភណ្ឌ័សង្រ្គាមមិនទាន់ផ្ទុះចាស់ៗជាច្រើនត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗកាលពីម៉ោងប្រមាណជា១១និង៤៥នាទីថ្ងៃទី៤ខែតុលាឆ្នាំ ២០២៣ ។

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ និង លោកវរ:សេនីយ៍ឯក សេង ចិន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងនៅថ្ងៃទី៥ខែតុលាឆ្នាំ ២០២៣ ថា នៅពេលប្រជាពលរដ្ឋក្នុងភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ កាប់ជីកគាស់ដីធ្វើចំការក៏បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងរបៀបភ្លាមៗ ដើម្បីធ្វើការហ៊ុមព័ទ្ធកន្លែងទាំងអស់នោះផងដែរ ។

បើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា សំណល់យុទ្ធភ័ណ្ឌទាំងនោះរួមមាន គ្រាប់ M16 ២០ប្រអប់ ស្មើ៨០០គ្រាប់ គ្រាប់ការ៉ាប៉ីនចំនួន២០០គ្រាប់ គ្រាប់រ៉េបេអឹមចំនួន៨ខ្សែស្មើនិងចំនួន១.៦០០គ្រាប់និងគ្រាប់M79ចំនួន២គ្រាប់ ។

លោក វរ:សេនីយ៍ឯក សេងចិន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងទៀតថា គ្រាប់ទាំងអស់នោះជាគ្រាប់ចាស់ៗដែលមិនអាចប្រើកើតឡើយហើយត្រូវបានគេកប់បន្សល់ទុកក្នុងដីពីសម័យសង្គ្រាមក្នុងស្រុកមកម្ល៉េះ ។ លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នគ្រាប់ទាំងអស់នោះត្រូវបានខាងលោកប្រមូលយកមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីរង់ចាំកម្លាំងស៊ីម៉ាក់មកដឹកយកទៅកន្លែងដើម្បីធ្វើការបន្សាបទៅតាមបច្ចេកទេស ។

ដកស្រង់ពី៖រស្មីកម្ពុជា