បណ្តាញសង្គម

ស្លាប់២នាក់ របួសធ្ងន់ស្រាល ២នាក់ ដោយសាររថយន្តធំ បុកកិនម៉ូតូ រួចទៅបុករថយន្តតូច ហើយក្រឡាប់

បន្ទាយមានជ័យៈ មនុស្ស២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ២នាក់ទៀត បានររងរបួសធ្ងន់ស្រាល ដោយសាររថយន្តធំ បុកកិនម៉ូតូ រួចទៅបុករថយន្តតូច ហើយក្រឡាប់ ។

ករណីគ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០ នាទី រសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបបន្ទាយមានជ័យ ខាងកើតសាលាស្រុកអូរជ្រៅ ជាង ១៥០ ម៉ែត្រ ។

នគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ បានឱ្យដឹងថា មុនដំបូង មានរថយន្តធំមួយគ្រឿង ម៉ាកមីតស៊ុយប៊ីស៊ី កង់៦ ពាក់ផ្លាកលេខ បាត់ដំបង 3A 2129 បើកបរដោយឈ្មោះ សាន វិឆៃ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិស្វាយគង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរមកពីទិសខាងលិច ទៅទិសខាងកើត ។

មកដល់ចំណុចកើតហេតុ រថយន្តនេះ ក៏បានវ៉ាជែងរថយន្ត មួយ គ្រឿងទៀត ក្នុងទិសដៅស្របគ្នា នៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ក៏រេចង្កូតទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1C7750 សៀមរាប បើកបរដោយឈ្មោះ ឌឿង តាន់ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានលំនៅ ភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ ដែលបើកបរ មកពីទិសខាងកើត ទៅខាងលិច ឬច្រាសទិសគ្នា ហើយកិនទាំងម៉ូតូ និងមនុស្ស បណ្ដាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ឌឿង ចិន្តា ភេទប្រុស អាយុ ១៤ ឆ្នាំ ត្រូវជាប្អូនបង្កើត មានលំនៅ ភូមិជាមួយគ្នា បណ្ដាលឱ្យស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ប្រាប់ពីមូលហេតុ នាំឱ្យមានគ្រោះថ្នាក់ គឺបណ្តាលមក ពីរថយន្តធំ បើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងបើកបរ ក្នុងល្បឿនលឿន ពោលគឺ គ្មានការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ កើតឡើង ។

សមត្ថកិច្ច បានបន្តថា គ្រោះថ្នាក់នោះ បង្កឱ្យមនុស្ស ចំនួន ៤ នាក់ ក្នុងនោះ ស្លាប់ ២ នាក់ របួសធ្ងន់ ១ នាក់ របួសស្រាល ១ នាក់ ។ ឯផ្នែកសម្ភារៈ គឺម៉ូតូ ១ គ្រឿង និងរថយន្ត ២ គ្រឿង ខូចខាតធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុនោះ សមត្ថកិច្ចនគរបាល គ្រូពេទ្យ និងពលរដ្ឋ បានជួយយក សាកសពជនរងគ្រោះ ទៅប្រគល់ឱ្យក្រុមគ្រួសារ និងដឹកជនរងគ្រោះ របួសធ្ងន់ ស្រាល ទៅមន្ទីរពេទ្យរដ្ឋ។ រីឯរថយន្ត ២គ្រឿង ម៉ូតូ១គ្រឿង អូសយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកអូរជ្រៅ ដើម្បីរង់ចាំដោះស្រាយគ្នា តាមក្រោយ៕

ដកស្រង់ពី៖រស្មីកម្ពុជា