បណ្តាញសង្គម

សន្តិសុខ​កាស៊ីណូ​លួច​ម៉ូតូ​ពី​ប៉ៃលិន​ជិះ​មក​ចូល​អន្ទាក់​ប៉េអឹម​​​នៅ​ស្រុក​កំ​រៀង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៧ តុលា ពេលប្រទះឃើញមុខសញ្ញានេះ ជិះនៅចំណុចខាងច្រកអន្តរជាតិ«ដូង» ស្រុកកំរៀង ក្រោយពីមានសេចក្ដីរាយការណ៍ថា ជនម្នាក់នេះបានលួចម៉ូតូគេពីចំណុចផ្សារព្រំ ខេត្តប៉ៃលិន។ របាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ឈ្មោះ ហេង ប៊ុនឡុង អាយុ៣៥ឆ្នាំ ជាសន្តិសុខយាមកាស៊ីណូមួយកន្លែងនៅ«ផ្សារព្រំ» ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជននេះ ត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រុកកំរៀង ស្ទាក់ចាប់បានក្រោយពីសមត្ថកិច្ចស្រុកសាលាក្រៅ ផ្ដល់ដំណឹងឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកជួយអន្តរាគមន៍ ទើបស្ទាក់ចាប់បានតែម្ដង ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់នេះ បានប្រាប់សមត្ថកិច្ចថា ខ្លួនធ្វើសន្តិសុខយាមកាស៊ីណូ នៅផ្សារព្រំ ប៉ៃលិន។

ខ្លួនបានលួចម៉ូតូគេពីចំណុចផ្សារព្រំ ហើយជិះមកគេចមកកាន់ស្រុកកំរៀង លុះជិះដល់ខាងមុខច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្ដង ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនសន្តិសុខកាស៊ីណូខាងលើនេះ មន្ត្រីជំនាញដកហូតម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D-8532 ។

ក្រោយឃាត់ខ្លួននិងសួរនាំបឋម កម្លាំងកងរាជអាវុធហត្ថ ស្រុកកំរៀង បានប្រគល់ជនសង្ស័យ និង វត្ថុតាងឲ្យទៅកម្លាំងនគរបាលស្រុកសាលាក្រៅ ចាត់ការតាមនិតិវិធីហើយ ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។

វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។

ដកស្រង់ពី៖កោះសន្តិភាព