បណ្តាញសង្គម

ម៉ូតូពីរគ្រឿង បើកលឿន បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង ស្លាប់ម្នាក់ របួសពីរនាក់

ភ្នំពេញៈ និស្សិតវិស្វករម្នាក់ បានបាត់បង់ជីវិត និង យុវជន យុវតី ពីរនាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្ត បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង កាលវេលាម៉ោង ១និង១០នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី ១១ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចទល់មុខ ច្រកចូលភូមិត្នោតជ្រុំ តាមបណ្ដោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សយ ម៉េងឆៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានិស្សិត ផ្នែកវិស្វករឆ្នាំទី៥ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JN.4408 ជិះតែម្នាក់ឯង ចំណែកភាគីម្ខាង ទៀត គឺយុវជនម្នាក់ និងយុវតីម្នាក់ រងរបួសធ្ងន់ស្រាល មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ដោយជិះម៉ូតូម៉ាក ស៊ុយហ្សុ៊យគី និច ពណ៌សលាយបៃតង ពាកស្លាកលេខ ភ្នំពេញ1CC.1106 ។

តាមប្រភព បានបញ្ជាក់ឲ្យដឹងថា ដំបូង គេឃើញ មនុស្សប្រុសមួយ ស្រីមួយ ជិះម៉ូតូ ស៊ុយហ្សុ៊យគី និច តាមបណ្ដោយផ្លូវលេខ ៣៧១ ទិសដៅពីខាងកើតទៅខាងលិច បាន វ៉ារថយន្ត មួយគ្រឿង ចូលចំណីផ្លូវខាងម៉ូតូហុងដា ស្គុបពីដែលបើកតាមបណ្ដោយផ្លូវ លេខ ៣៧១ ទិសដៅពី ខាងលិចមកខាងកើត យ៉ាងលឿន បានបុកគ្នាចំពីមុខ យ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូហុងដា ស្គុបពី ស្លាប់យ៉ាងអណោចអធ័ម ចំណែកឯម៉ូតូ ស៊ុយហ្សុ៊យគី និច ស្រីមួយ ប្រុសមួយ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះជីវិត ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ច ធ្វើកំណត់ហេតុ រួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា