បណ្តាញសង្គម

អ្នកនេសាទត្រីចំនួនបីនាក់ដោយប្រើឧបករណ៍ឆក់ត្រូវបានសាលាដំបូងខេត្តព្រៃវែងសម្រេចឱ្យឃុំខ្លួន

ភ្នំពេញៈអ្នកនេសាទដោយប្រើឧបករណ៍ឆក់ចំនួនបីនាក់ ដែលត្រូវបានឃាត់ខ្លួនដោយអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដោយសហការពីខណ្ឌរដ្ឋបាលជលផលព្រៃវែង កាលពីថ្ងៃទី៧ខែតុលា ត្រូវបានសាលា ដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនហើយនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៣។ លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៣ថា អ្នកនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ចំនួនបីនាក់ ដែលអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកខេត្តព្រៃវែង បានឃាត់ខ្លួនក្នុងពេលកំពុងធ្វើសកម្មភាពជាក់ស្តែងកាលពីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ត្រូវបានសា លាដំបូងខេត្តព្រៃវែងសម្រេចឱ្យធ្វើការឃុំខ្លួនហើយនៅថ្ងៃទី១១ខែតុលានេះ។

ជនដែលត្រូវបានសាលាដំបូងខេត្តព្រៃវែងចេញដីបង្គាប់ឱ្យឃុំខ្លួននេះ លោក អូន ស៊ីណាត បញ្ជាក់ថាមានឈ្មោះ សែម វ៉ាន់ ភេទប្រុសអាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ នៅភូមិកំរាង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេចខេត្តព្រៃវែង។

ឈ្មោះក្រូចលី ភេទប្រុស អាយុ២១ឆ្នាំ ជាកសិករ នៅភូមិកំរាង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេចខេត្តព្រៃវែង។ ឈ្មោះ លឹម លី ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិកំរាង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេចខេត្តព្រៃវែង។

លោក អូន ស៊ីណាត បាននិយាយឱ្យដឹងទៀតថាជនទាំងបីនាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៧ខែតុលា នៅចំណុចខាងកើតស្ពានកំពង់ត្របែក ស្ថិត ក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទដោយឧបករណ៍ឆក់។

នាយខណ្ឌរដ្ឋបាលជលផលខាងលើបាននិយាយឱ្យដឹងទៀតថាបទល្មើសនេសាទដោយប្រើឩបករណ៍ឆក់នេះកើតមានច្រើននៅក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងត្រូវបានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេះក៏បានច្រើនករណីដែរ ដោយមានកិច្ចសហការពីនគរបាលនិងអាវុធហត្ថនៅមូលដ្ឋាន។អ្នកនេសាទដោយប្រើឧបករណ៍ឆក់ដែលឃាត់ខ្លួន បានត្រូវបានបញ្ជូនខ្លួនទៅតុលាការជាបន្តបន្ទាប៕

ដកស្រង់ពី៖រស្មីកម្ពុជា