បណ្តាញសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍៖ រថយន្ត បុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងភ្លាមៗ

បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងភ្លាមៗ ដោយសាររថយន្ត បានបុកម៉ូតូ ធ្លាក់ផ្លូវ កាលពីវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ជិតស្នាក់ការគយចល័តតំបន់៥ (គយក្រសួង) សាលាក្រហម ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈឹម ឈិញ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានលំនៅ នៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ បើកបរម៉ូតូហុងដា សេ១២៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ W2016។

ចំណែករថយន្ត ម៉ាកតូយ៉ូតា កាមរី (ឆ្លាម) ពាក់ស្លាកលេខ បាត់ដំបង 2A5012 ។

ប្រភពព៍ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងទៀតថា រថយន្ត និងម៉ូតូ បើកបរ ក្នុងទិសដៅច្រាសគ្នា (ពីខាងកើតទៅខាងលិច និងពីខាងលិចទៅខាងកើត) លើផ្លូវជាតិលេខ៥ (ការដ្ឋានកំណាត់ផ្លូវ សិរីសោភ័ណ -ប៉ោយប៉ែត) ហើយរថយន្ត និងម៉ូតូ បានបុកគ្នា ពេលរថយន្តជែងរថយន្តផ្សេង រួចចូលគន្លងរបស់គេ គឺបុកនៅខាង ស្តាំ នៃរថយន្តចង្កូតឆ្វេងតែម្តង ។

អ្នកបើកបររថយន្ត បានបើករត់ដល់ខាងមុខឆ្ងាយ ទើបសមត្ថកិច្ច ឃាត់ តែគេបានចុះរត់គេចខ្លួន ។

ដោយឡែក កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៥៥ នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ក្នុងទីប្រជុំជន នាភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ តែមនុស្ស មិនរងរបួស ឬស្លាប់ទេ ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ និងសមត្ថកិច្ច បានឱ្ដឹងថា ដំបូងមានរថយន្តម៉ាក តូយ៉ូតា កាមរី (ឆ្លាម) ពណ៌ខ្មៅផលិតឆ្នាំ១៩៩៩ ពាក់ផ្លាកលេខ ភ្នំពេញ 2H-6949 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ (៤គន្លង) ទិសដៅពីខាងជើងទៅខាងត្បូង ។

លុះដល់ចំណុចខាងលើ ក៏បានបត់ឆ្វេង ប្តូរគន្លង មកដល់គន្លងរថយន្តល្បឿនយឺត ខាងកើតផ្លូវ ស្របពេលនោះ មានរថយន្តម៉ាក Hilux.Vigo ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U -6688 ដោយបើកបរ ក្នុងគន្លងរថយន្តល្បឿនយឺត ទិសដៅពីខាងត្បូងទៅខាងជើង (ច្រាសទិស) ដោយល្បឿនលឿន បណ្តាលឲ្យហ្វ្រាំង មិនទាន់ ក៏បុករះចំហៀងខាងស្ដាំរថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 2H-6949 ហើយក៏រេ ចង្កូតទៅស្តាំ ធ្លាក់ចូលជម្រាលផ្លូវ ហើយត្រូវជាប់នៅទីនោះ (ទៅមុខលែងរួច) ។

ប្រភពបានបន្តថា ក្រោយពេលគ្រោះថ្នាក់ ការខូចខាតគឺជាសំណាងមួយ ក្នុងគ្រោះថ្នាក់ ដោយមិនមានមនុស្ស រងរបួសឬស្លាប់ ។

ក្នុងនោះ ១-ឈ្មោះ ងន ពិសិដ្ឋ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបររថយន្ត ម៉ាក Hilux.Vigo មិនមានរបួស និង២-អ្នកបើកបររថយន្ត តូយ៉ូតា កាមរី (ឆ្លាម) មិនស្គាល់អត្តសញ្ញាណ ។

ក្រោយពេលកើតហេតុ គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តបង្ក នៅកន្លែងកើតហេតុ ។

រថយន្តទាំង ២គ្រឿង ខូចខាត ធ្ងន់ធ្ងរ ត្រូវស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី។ ចំពោះ មូលហេតុ គឺអ្នកបើកបររថយន្ត តូយ៉ូតា កាមរី (ឆ្លាម) បត់ឆ្វេងប្តូរគន្លង ខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបរ រថយន្តម៉ាក Hilux.Vigo បើកក្នុងល្បឿនលឿន ក្នុងទីប្រជុំជន ៕

ដកស្រង់ពី៖រស្មីកម្ពុជា