បណ្តាញសង្គម

ក្របី​វ័ធ​បុរស​ម្នាក់​របួសធ្ងន់ ពេល​បើកបរ​ម៉ូតូ លោក​អភិបាលក្រុង​ខេមរៈភូមិន្ទ បញ្ជា​ឲ្យ​រក​ម្ចាស់​ក្របី មក​ទទួលខុសត្រូវ

ខេត្តកោះកុង ៖ សត្វក្របីវ័ធបុរសម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ពេលកំពុងបើកបរម៉ូតូ កាលពីវេលាម៉ោង១៥និង១០នាទីសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចជិតសាលាគួយវ៉េត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ។

តាមប្រភពពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះឈ្មោះ គង់ ហៀត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។

ខណៈពេលបុរសរងគ្រោះកំពុងបើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1C-1332 ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានសត្វក្របីមួយក្បាល បានវ័ធ ជនរងគ្រោះតែម្តង ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីសម្រាកព្យាបាល ។

លោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរៈភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី ១៥ ខែតុលា នេះថា ករណីក្របីវ័ធមនុស្សខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះទៅស្រាវជ្រាវ ស៊ើបរកម្ចាស់សត្វ ក្របីខាងលើនេះ ។

ហើយលោកបានចាត់ឲ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងចៅសង្កាត់ កោះអញ្ជើញម្ចាស់ក្របីទាំងអស់ ដែលចិញ្ចឹមសត្វក្របី នៅក្នុងក្រុង មកប្រជុំ នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ ផងដែរ។ លោកអភិបាលក្រុងខេមរៈភូមិន្ទ បានបញ្ជាក់ថា ក្នុងករណីរកម្ចាស់សត្វក្របីបង្កនោះ មិនឃើញទេ លោកនឹងរៀបចំចេញលិខិត មិនអនុញ្ញាតឲ្យលែងចិញ្ចឹមហ្វូងសត្វគោ.ក្របី នៅក្នុងក្រុង តែម្ដង ។

ករណីសត្វក្របីវ័ធមនុស្សខាងលើនេះ លោក យស់ ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ ក៏បានឲ្យដឹងដែរថា ក្រោយពីកើតហេតុ លោកបានស្រាវជ្រាវស្វែងរកម្ចាស់ចិញ្ចឹមសត្វក្របី បង្កខាងលើនេះដែរ តែរហូតដល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយទេ ដោយម្ចាស់ចិញ្ចឹមសត្វក្របីម្នាក់ៗ នៅពេលសួរនាំ ចេះតែឆ្លើយពាក្យសង្ស័យថា ក្របីអ្នកនេះ ក្របីអ្នកនោះ ៕

ដកស្រង់ពី៖កោះសន្តិភាព