បណ្តាញសង្គម

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី ចំនួន ៥នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ ក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៩ កែង១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ វត្តមានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមមានការសហការជាមួយកម្លាំងអាវុធហត្ថ ប្រចាំខណ្ឌដូនពេញ បានឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង បន្ទាប់មក គេបានឃើញកម្លាំង អាវុធហត្ថ ឡើងទៅគេហដ្ឋានមួយនោះ ដោយឃាត់ខ្លួនមនុស្ស ៥នាក់ ក្នុងនោះមាន ស្រីម្នាក់ផងដែរ។

ជុំវិញប្រតិបត្តការណ៍ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់ ខាងលើ កម្លាំង អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង ៥ សង្ស័យជាប់ពាក់ព័ន្ធករណីរឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅការិយាល័យ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងចាត់វិធានការតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

 

 

ដកស្រង់ពី៖រស្មីកម្ពុជា