បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ ពីរនាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំប្រតិបត្ដិការផ្ទាល់ ដោយលោក ម៉ន វុធី អធិការខណ្ឌ បានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលា ម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបតុង ក្នុងបុរីផុនស៊ុយ ផ្ទះលេខ 5H2 ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជ័ធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រៀនភាសាកូរ៉េ មានទីលំនៅ បច្ចុប្បន្ន នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២ ឈ្មោះ សឿន សៀម ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្ន នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ ក្រោយបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋល្អ បានរាយការណ៍ថា មានករណីជួញដូរ គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចទីតាំងខាងលើ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាដឹកនាំ កម្លាំងសមត្ថកិច្ចនគរបាលផ្នែក ប្រឆាំងគ្រឿងញៀន ដែលមានលោក វរសេនីយ៍ត្រី ជឿន សារុំ ជាអធិការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ទី២ ដឹកនាំកម្លាំង ចុះទៅដល់ទីតាំងកើតហតុខាងលើ ក៏ស្រាប់តែបានប្រទះឃើញជន សង្ស័យចំនួន ពីរនាក់ កំពុងតែអង្គុយនៅក្នុងផ្ទះ ភ្លាមនោះ កម្លាំងសមត្ថកិច្ច ក៏បានស្នើ សុំត្រួតពិនិត្យ និងឆែកឆេរ ជាលទ្ធផលបានរកឃើញក្រាម ពណ៌សថ្លា ចំនួន ១៣ កញ្ចប់ ក្នុងនោះ ថង់តូច ចំនួន ១២ កញ្ចប់ ថង់ធំល្មម ចំនួន១ កញ្ចប់ ដាក់នៅក្នុងកាបូប ស្ពាយចំហៀង របស់ជនសង្ស័យ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន រួមទាំង ថង់ប្លាស្ទិក សម្រាប់ច្រកថ្នាំញៀនមួយចំនួន។ ក្រោយពេលរកឃើញ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ខាងលើ រួមទាំងវត្ថុតាង នាំខ្លួនយកមកសាកសួរ នៅផ្នែកជំនាញ បណ្តោះអាសន្ន ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ១-ក្រាមពណ៌សថ្លា ចំនួន ១៣ កញ្ចប់ ក្នុងនោះថង់តូចចំនួន ១២ កញ្ចប់ និងថង់ធំល្មម ចំនួន១ កញ្ចប់។ ២-ទូរស័ព្ទដៃ ចំនួន ៣ គ្រឿង ម៉ាក IPHONE 11 Pro MAX ចំនួន ១គ្រឿង ពណ៌ប្រផេះ (ថ្មី) ម៉ាក SAMSUNG ពណ៌ទឹកសមុទ្រ ចំនួន ១គ្រឿង និងម៉ាក NOKIA (អិនចុចពិល) ពណ៌ខ្មៅ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖រស្មីកម្ពុជា