បណ្តាញសង្គម

ចាប់បានជនជាតិវៀតណាម ២នាក់ កំពុងកាប់ឈើព្រៃលិចទឹក ក្នុងតំបន់អភិរក្សព្រែកថ្លាន់

កំពង់ឆ្នាំងៈ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផល កំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ថា នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ២៤ តុលា សមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួន ជនជាតិវៀតណាម ២ នាក់ ដែលកំពុងកាប់ឈើ ព្រៃលិចទឹក ក្នុងតំបន់អភិរក្សព្រែកថ្លាន់ ក្នុងភូមិសាស្ត្រ ភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

លោក នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានបព្ជាាក់ថា ជនល្មើសជាជនជាតិ វៀតណាម បានប្រព្រឹត្ត បទល្មើសកាប់ព្រៃ បំផ្លាញព្រៃឈើលិចទឹក យកមកធ្វើជា សម្រាស់ដាក់ព័ទ្ធចាប់យកត្រី មាន ១.ឈ្មោះ ង្វៀន យាំងទឺ អាយុ ៤៧ ឆ្នាំ និង ២.ឈ្មោះ ដាំ យាំងសង អាយុ ៤៦ ឆ្នាំ ។ ពួកគេទាំង ២ នាក់ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង និងបានស្នាក់នៅ ភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង នៅចំណុចព្រែកគូរ។

វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបាន ក្នុងពេល ដែលពួកគេ ប្រព្រឹត្តបទល្មើសនេះ រួមមាន កាណូត ៣ គ្រឿង ក្នុងនោះ ២ គ្រឿង ជាកាណូតឈើ និង ១គ្រឿង បាឡាស្មាច់ រួមនឹងដើមឈើ ចំនួន ១៥ ដើម ដែលគេចងអូសសណ្តោង ជាមួយកាណូត រូមនឹងប៊ីដុង ចងភ្ជាប់ជាមួយ។

លោក តាត សីហាក់ បានឲ្យដឹងទៀតថា ជនល្មើសទាំងពីរនាក់ ខាងលើនេះ ត្រូវបាន ចោទប្រកាន់ តាមមាត្រាលេខ ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទា ទោស ដាក់ពន្ធនាគារ ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

ពាក់ព័ន្ធនឹងបទល្មើសកាប់ព្រៃឈើលិចទឹក ធ្វើជាសម្រាស់ចាប់ត្រី ខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏ធ្លាប់បានលើកឡើងផងដែរថា ករណីនេះ ពេលចាប់បានជនល្មើស កាប់ដើមឈើ ព្រៃលិចទឹកធ្វើសម្រាស់ សមត្ថកិច្ចជំនាញ ត្រូវតែអនុវត្តតាមនីតិវិធី ឲ្យបានម៉ឺងម៉ាត់ គឺត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវយោគយល់ ឬលើកលែងឡើយ ទើបបទល្មើសនេះ ថយចុះ៕

ដកស្រង់ពី៖រស្មីកម្ពុជា