បណ្តាញសង្គម

រស​ម្នាក់​ឃើញ​គេ​ដើរ​តាម​ផ្លូវ​អាណិត​ក៏​ជូន​ទៅ​ផ្ទះ បែរជា​ត្រូវ​នាំ​ទៅ​ឱ្យ​បក្សពួក​ដែល​អង្គុយ​ចាំ​ប្ល​.​ន់

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូចេញពីផឹកស៊ីនៅផ្ទះមិត្តភក្តិក៏បានជួបជាមួយនឹងជនសង្ស័យ២នាក់ដែលកំពុងតែដើរតាមផ្លូវ ហើយក៏ហៅគេជិះ លុះពេលទៅដល់ផ្លូវស្ងាត់ ក៏ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់វា.យប្ល.ន់យកម៉ូតូបានសម្រេចតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់របងអង្ការ PSE ផ្លូវលំ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើនេះមានឈ្មោះ ឆាន ឌី ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិឬស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ បើតាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ2JM-2622 ទើបតែជិះចេញផឹកស៊ីនៅផ្ទះមិត្តភក្តិ ចំណុចផ្លូវ២០០៤ ក្នុងគោលបំណងជិះត្រឡប់ទៅផ្ទះវិញ នៅភូមិឬស្សី ដោយស្ថិតក្នុងស្ថានភាពស្រវឹងស្រឿងៗ។

ប្រភពដដែលបន្តថា លុះពេលជិះមកដល់ចំណុចខាងក្រោមស្ពានអាកាស ក៏ឃើញជនសង្ស័យចំនួន២នាក់កំពុងតែដើរតាមផ្លូវ ខណៈពេលនោះជនរងគ្រោះមានចិត្តអាណិត ក៏បានហៅជនសង្ស័យជិះ ដើម្បីជូនទៅផ្ទះ។

ហើយជនសង្ស័យក៏ព្រមជិះ ហើយគ្រានោះជនរងគ្រោះបានឱ្យជនសង្ស័យជាអ្នកឌុប លុះជិះឌុបគ្នាទៅដល់ចំណុចកើតហេតុ ក៏ជួបជាមួយបក្សពួកជនសង្ស័យម្នាក់ទៀតដែលកំពុងអង្គុយចាំនៅទីនោះតែម្ដង។

ប្រភពដដែលបន្តទៀតថា បន្ទាប់មកជនសង្ស័យក៏បានដេញជនរងគ្រោះឲ្យចុះពីលើម៉ូតូ ភ្លាមៗនោះបក្សពួកជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ទៀត ក៏វា.យទៅលើជនរងគ្រោះតែម្ដង ដោយឡែកម្នាក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ទៅ។ ពេលនោះដែរ ជនរងគ្រោះបានស្រែកឆោឡោ និងរត់ដេញតាមពីក្រោយម៉ូតូធ្វើអោយបក្សពួកដែលវា.យជនរងគ្រោះនោះ នាំគ្នារត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពដែរ។

បើតាមជនរងគ្រោះ ក៏បានបញ្ជាក់ដែរថា ខ្លួនតែងតែធ្វើល្អបែបនេះរហូតមក ដោយមានម្តងនោះ ខ្លួន (ជនរងគ្រោះ) បានឲ្យម៉ូតូទៅអ្នកធ្វើការជាមួយគ្នាដែលទើបតែស្គាល់គ្នាបាន២ថ្ងៃ ខ្ចីជិះទៅទិញម្ហូប តែបែរជាត្រូវគេយកទៅបញ្ចាំទៅវិញ។ ប៉ុន្តែក៏បានដោះស្រាយគ្នា ហើយក៏យកម៉ូតូបានមកវិញដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅធ្វើការអន្តរាគមន៍ និងនាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីដាក់ពាក្យបណ្ដឹងតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព