បណ្តាញសង្គម

បុរស​ម្នាក់​ភ័យ​ស្លន់​ទៅ​ពន្លះ​ម៉ូតូ​១​គ្រឿង​ពេញទំហឹង ក្រោយ​ឆក់​មិន​សម្រេច ជន​រង​គ្រោះ​ស្រែក​ផ្អើល

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ.ក់កាបូបស្ពាយពីជនបរទេសមិនបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែបែរជាទៅបុ.កម៉ូតូមួយគ្រឿងទៀតពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផាន វារះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនបរទេសម្នាក់បានដើរថ្មើរជើងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KG-9091 ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច បញ្ច្រាសទិសដៅចរាចរណ៍ និងតាមពីក្រោយជនបរទេស រួចក៏ធ្វើសកម្មភាពឆ.ក់កាបូបលុយពីជនបរទេសដែលកំពុងស្ពាយនឹងខ្លួន តែមិនបានសម្រេច។ ប្រភពដដែលបន្តថា បន្ទាប់មកជនរងគ្រោះបានស្រែកឆោឡោធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួនទាំងបញ្ច្រាសទិសដៅចរាចរណ៍ ហើយក៏ជ្រុលទៅបុ.កចំពីមុខម៉ូតូមួយគ្រឿងទៀតម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-6222 ដែលជិះដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ចំណែកជនសង្ស័យវិញបានសន្លប់ស្ដូកស្ដឹងមួយស្ទុះក៏ដឹងខ្លួនឡើងវិញ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព