បណ្តាញសង្គម

នារីម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះទាស់សម្ដីគ្នាជាមួយ គូដណ្ដឹង រឿងចាញ់បោកលុយគេ អស់ចំនួន ៣០០ ដុល្លារ

ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកអាវចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដី មិននិយាយរកគ្នា ជាមួយគូដណ្ដឹង រឿងនារីរងគ្រោះ ចាញ់បោកលុយគេ អស់ចំនួន ៣០០ ដុល្លារ ខណៈនៅសល់តែ ២ ខែទៀត ពួកគេចូលរោងការ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អេីល ខាងលើនេះ បានកេីតឡេីង កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ផ្លូវ ៣០ ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ហាក់ ឌីណា អាយុ ២២ ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនមួយកន្លែង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលលេខ១ ជាន់ទី៥ ជាមួយគូដណ្តឹង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ចាក់ពីបុរស ជាគូដណ្តឹង បានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុ ខ្លួន និង គូដណ្ដឹង បានទាស់សម្ដីគ្នាបន្តិចបន្តួច រឿងចាញ់បោកគេ អស់លុយ ៣០០ ដុល្លារ ។ បន្ទាប់មក រូបគេ បានចេញពីបន្ទប់ជួល ទៅធ្វើការដូចសព្វមួយដង ចំណែកឯនារីរងគ្រោះ ត្រូវជាគូដណ្តឹង មិនបានចេញទៅធ្វើការនោះទេ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង ។

លុះមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច នាថ្ងៃកើតហេតុ ខាងលើ ខ្លួនក៏បានចេញពី ធ្វើការ ត្រឡប់មកបន្ទប់ជួលវិញ ខណៈពេលឡើងមកដល់មុខបន្ទប់ បានគោះទ្វារ និងស្រែកហៅគូដណ្តឹងខ្លាំងៗ មិនឃើញនារីគូដណ្តឹង បើកទ្វារឱ្យសោះ ។

ពេលនោះដែរ ខ្លួនឆ្ងល់ ហើយក៏សម្រេចចិត្តធាក់ទ្វារចូលទៅ ស្រាប់តែឃើញនារីជាគូដណ្តឹង បានយកអាវចង ក នៅលើស្នួរដែក ដាក់សម្លៀកបំពាក់ ស្លាប់បាត់ទៅហើយ។ ពេលនោះ រូបខ្លួន បានស្រែកឱ្យអ្នករស់នៅបន្ទប់ជិតខាង ជួយនិងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកើតហេតុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី៣ បានចុះមកដល់ ធ្វើការពិនិត្យ និងយកខ្សែព័ទ្ធជុំវិញបន្ទប់ កើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ របស់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះ។

ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យរួច ក៏បានបញ្ជាក់ប្រាប់ថា នារីម្នាក់នេះ ពិតជាស្លាប់ ដោយចង ក ប្រាកដមែន រួចសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់សពឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា