បណ្តាញសង្គម

តុលាការ សម្រេចឃុំខ្លួនជនជាតិចិន ១០ នាក់ ដែលជាមេខ្លោង ថតរឿងកូនជ្រូក

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួនជនជាតិចិន ចំនួន ១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ ព្រៃស ដែលជាមេខ្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ថាគារ Wow Now នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោស នៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្សនិងអំពេីធ្វេីអាជីវកម្ម ផ្លូវភេទ ខណៈក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ សញ្ចារកម្ម ការដឹកនាំពេស្យាចារ និងផលិតចែកចាយរូបភាពវីដេអូ អាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ២ នាក់ ។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះ ឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប អាសអាភាស បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា មុនកើតហេតុ មាននារីខ្មែរ ២ នាក់ ជាជនរង គ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន មួយក្រុមនោះថា យកពួកនាង ទៅថត និងផលិតរឿងជាវីដេអូក្តៅសាច់ បែបអាស អាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគា កើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួល ពីស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់ រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លី ស្ទើរគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរ ទេស ប្រមាណជិត ៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស ។ បច្ចុប្បន្ន ក្រុមជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ ម១ ព្រៃស ជាបណ្តោះអាសន្នហើយ ៕

ដកស្រង់ពី៖កម្ពុជា