បណ្តាញសង្គម

កូនស្រីបង្កើត បានយកកាំបិតចាក់ឪពុក ស្លាប់ និងម្តាយ រងរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីម្នាក់ បានយកកាំបិតចាក់ទៅលើឪពុកបង្កើត បណ្តាលឱ្យស្លាប់ និងម្តាយ ឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុរីម៉នដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបានស្លាប់ ជាឪពុកបង្កើត មានឈ្មោះ លៀង ម៉េងលាភ អាយុ ៦០ ឆ្នាំ មុខរបរ ជាមន្រ្ដីរាជការ បច្ចុប្បន្ន ស្នាក់នៅបុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ម្តាយបង្កើត ដែលរងរបួសធ្ងន់ មានឈ្មោះ ឈន មួយ ហេង អាយុ ៥៩ ឆ្នាំ មុខរបប ជាមេផ្ទះ បច្ចុប្បន្នស្នាក់នៅបុរីម៉នដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ ជាកូនស្រី មានឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ អាយុ ៣០ ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅ បុរីម៉នដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារបែបនេះ គឺដោយសារជនសង្ស័យ ជាកូនឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ បានទារចេញពីក្នុងផ្ទះ តែម្ដាយឃាត់មិនឱ្យចេញក្រៅ តែកូននៅតែទារចេញ ឪពុកឃើញ ក៏ជួយឃាត់ ក៏ត្រូវកូនយកកាំបិត ចាក់មកលើឪពុក ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់តែម្តង និងធ្វើឱ្យម្ដាយ រងរបួសធ្ងន់។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា